លោក ម៉េង ផល្គុន មន្ត្រីគយនៅខេត្តព្រះសីហនុ អាងអំណាច លោក គុណ ញឹម ប្រព្រឹតអំពើពុករលួយតាមអំពើចិត្ត គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តព្រះសីហនុ ៖ ប្រភពពីមន្ត្រីគយ ក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ម៉េង ផល្គុន មេគយនិងរដ្ឋាករគ្រប់គ្រងទំនិញរួចពន្ធតំបន់សេដ្ឋកិច្ចពិសេសទាំង៣ ក្នុងខេត្តព្រះសីហនុ កំពុងប្រើតួនាទី និងអំណាចរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ម៉េង ផល្គុន ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរ ហេតុនេះលោក គុណ ញឹម ដែលជាមេគយធំមិនគួរមើលរំលងតទៅទៀតទេ។ ជាពិសេសលោក ឱម យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅ លើ អំពើពុករលួយរបស់លោក ម៉េង ផល្គុន ជាបន្ទាន់ ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ។

តាមការបង្ហើប ពីសំណាក់ក្រុម អ្នករត់ការឯកសារ នាំចូលនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានឲ្យដឹងថា ថវិកាបង់ចូលរដ្ឋត្រឹមតែ ១៥០០០រៀល ប៉ុន្តែលុយបង់ចូលក្នុងហោប៉ៅ មន្ត្រីគយពុករលួយលោក ម៉េង ផល្គុន គឺមានរហូតដល់ទៅ១៣០ឬ១៤០ដុល្លារ ក្នុងទំនិញរួចពន្ធ១ កុងតឺន័រ។ ក្រុមអ្នករត់ការឯកសារ នាំចូលទំនិញរួចពន្ធក្នុងតំប​ន់សេដ្ឋកិច្ចពិសេស បានឲ្យដឹងថា លោក ម៉េង ផល្គុន តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឬហៅថាមេគយ ប្រចាំតំបន់សេដ្ឋកិច្ចពិសេសទាំង៣ទីតាំងក្នុងខេត្តព្រះសីហនុ កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ក្នុងមួយថ្ងៃៗមានទំនិញអត់បង់ពន្ធ ចេញចូលតាមតំបន់ សេដ្ឋកិច្ចពិសេសទាំង៣កន្លែងនៅខេត្តព្រះសីហនុរាប់រយកុងតឺន័រ ដូច្នេះលោក ម៉េង ផល្គុន ប្រមូលលុយតាម របៀបពុករលួយបានមិនតិចនោះឡើយ។

តាមប្រភព ពីអ្នករត់ការឯកសារ នាំចូលនាំចេញទំនិញគេចពន្ធ ក្នុងតំបន់សេដ្ឋកិច្ចពិសេស៣កន្លែងនៅខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ក្នុងទំនិញមួយកុងតឺន័រត្រូវបានលោក ម៉េង ផល្គុន កំណត់ឲ្យបង់លុយចាប់ពីជាង១៣០ ទៅ១៤០ដុល្លារមិនអាចតវ៉ាបានឡើយ។ ហេតុនេះហើយទើបអ្នករត់ការឯកសារនាំចូលនាំចេញ ទំនិញតាមតំបន់សេដ្ឋកិច្ចទាំង៣កន្លែង នៅខេត្តព្រះសីហនុ អំពាវនាវឲ្យលោក គុណ ញឹម ដែលជាមេគយធំ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយឲ្យលោក ម៉េង ផល្គុន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននោះទេ។ ប្រភពដែលស្និទ្ធនឹងលោក ម៉េង ផល្គុន ដែលគេហៅថា មេគយតំបន់ៗបានឲ្យដឹងថា ការដែលលោក ម៉េង ផល្គុន ហ៊ានប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល គឺដោយសារ អាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយលោក ម៉េង ផល្គុន តែងប្រើឈ្មោះលោក គុណ ញឹម ធ្វើជាបង្អែកដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងគឃ្លើន៕

 

 

Leave a Reply

(*) Required, Your email will not be published