លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយគ្មានញញើតអ្វីទាំងអស់

, , Leave a comment

​ខេត្តបាត់ដំបង ៖ ថ្មីៗនេះប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។

ប្រភពខ្លះបានឲ្យដឹងថា ដោយសារចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ទើបលោក យូ ហេង ប្រើតួនាទីនិងអំណាចរបស់ខ្លួន ប្រមូលលុយស្រង់ដើម ដោយគ្មានខ្លាចក្រែង អ្វីឡើយ។ ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបើកដៃឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ព្រមទាំងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងកំរោល។

តាមការបង្ហើប ពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែននៃស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន សុទ្ធតែមានទំនាក់ទំនង ជិតស្និទ្ធ ជាមួយលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ក៏ដូចជាក្រុមមន្ត្រីគយប្រចាំច្រកព្រំដែន។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកព្រំដែន ក្នុងខេត្តបាត់ដំបង បង់ពន្ធត្រឹម៣៥​ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺឈ្មួញ ឃុបឃិតបែងចែកផលប្រយោជន៍ជាមួយក្រុមមន្ត្រីគយពុករលួយយ៉ាងត្រជាក់ចិត្ត។ ក្នុងនោះករណីឈ្មួញនាំចូលទំនិញគេចពន្ធនិងប្រេងសាំងគេចពន្ធកាន់ តែច្រើនឡើងៗតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

ប្រភពស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថាលោក គុណ ញឹម អគ្គនាយកគយគឺជាខ្នងបង្អែកដ៏រឹងមាំរបស់លោក យូ ហេង ហើយបណ្តោយឲ្យលោក យូ ហេង បង្កើនសកម្មភាពពុករលួយតាមអំពើចិត្ត។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការ ទប់ស្កាត់រឿងអាស្រូវពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងបក្ខពួកខ្លះផងព្រោះរយៈពេលជិតមួយឆ្នាំកន្លងទៅនេះលោក យូ ហេង ប្រព្រឹត្ តអំពើពុករលួយយ៉ាងពេញទំហឹង។

ជាពិសេសប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង គួរ បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើរឿងអាស្រូវពុករលួយ របស់លោក យូ ហេង និងបក្ខពួក ហើយចាត់វិធានការតាមច្បាប់ដើម្បីកុំឲ្យពួកគេបង្កើនសកម្មភាពពុករលួយកាន់តែខ្លាំងក្លាថែមទៀត៕

 

Leave a Reply

(*) Required, Your email will not be published