លោក គី ដា​ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

, , Leave a comment

​ខេត្ត​ត្បូងឃ្មុំ ៖ ​បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​និង​ចំណាយ​ដើមទុន​ច្រើន​ផង​នោះ ទើប​លោក គី ដា​ណា​រិ​ទ្ធ អាច​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ទទួលបាន​តំណែង ​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ រហូតមក​នោះ​គឺ​លោក គី ដា​ណា​រិ​ទ្ធ មិន​គិតគូរ​ជួសជុល​ផ្លូវ​ជាច្រើន​ ខ្សែ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ខូច​នោះឡើយ​ហើយ​បែរជា​ ប្រើ​តួនាទី​របស់ខ្លួន​ ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​។ អំពើពុករលួយ​មិនអាច​បិទបាំង​បាន​របស់លោក គី ដា​ណា​រិ​ទ្ធ គឺ​ការឃុបឃិត​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជប់ ផ្លូវជាតិ​លេខ​៧ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ ទៅ​ជញ្ជីង​ថ្លឹង​លុយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភព​ស្និទ្ធ​នឹង​លោក គី ដា​ណា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោកគី ដា​ណា​រិ​ទ្ធទេនោះ​គឺប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ ត​ជប់ ផ្លូវជាតិ​លេខ​៧ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ មិន​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​តាមរបៀប​ពុករលួយ​នោះទេ​។ ទន្ទឹមនឹងនេះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្សេងទៀត​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏​ជា​ប្រភព​ចំណូល​របស់លោក គី ដា​ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ត្បូងឃ្មុំ ផងដែរ​ព្រោះ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ បើតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា អំពើពុករលួយ​របស់​ក្រុមមន្ត្រី​តាម​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ប្រភព​ចំណូល​របស់លោក សេង ឈួន ផងដែរ​ទើប​លោក សេង ឈួន សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​មន្ត្រី​ទាំងនោះ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។

​បើតាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជប់ ផ្លូវជាតិ​លេខ​៧ ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជប់ និង​បក្ខពួក​។

ទន្ទឹម នឹងនេះ​រថយន្ត​ដែល​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជប់ នោះដែរ​ដោយ​មិនអាច​តវ៉ា​បានឡើយ ព្រោះ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជប់ អះអាងថា​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់លោក គី ដា​ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ត្បូងឃ្មុំ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅ ទៀត​ទេ ព្រោះ​អី​ក្រោយពេល​ទទួលបាន​តំណែង ​ជា​ប្រធាន​មន្ទីរ​សាធារណការ​ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ គឺ​លោក គី ដា​ណា​រិ​ទ្ធ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​បំផុត​៕

 

Leave a Reply

(*) Required, Your email will not be published