ប្តឹង​ លោក​ផ្កាយ៣ ចាន់ វ៉ាន់​ធឿន និង​លោក២ ឡុង ស្រេង ប្រធាន​-​អនុប្រធាន ​នគរបាល​​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានដាក់លិខិតសុំអន្តរាគមន៍ ចូលខុទ្ទការល័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យសម្តេចជួយរកយុត្តិធម៌ពាក់ព័ន្ធករណីមន្ត្រីជាន់ខ្ពស់ នៃនាយក ដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះអនុវត្តច្បាប់ ខុសនីតិវិធី ក្លាយជាការយាយី ដល់អាជីវករដែលរកស៊ីស្របច្បាប់។

យោងតាម លិខិតសុំអន្តរាគមន៍ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងបានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា កាលពីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ីម សុភ័ក្រ្ក មុខរបរ ពាណិជ្ជករ លក់ គ្រឿងសម្អាង បានដាក់ពាក្យស្នើសុំ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដើម្បីឲ្យជួយអន្តរាគមន៍ទៅស្ថាប័ន មានសមត្ថកិច្ចពិនិត្យ និងចាត់វិធានការចំពោះលោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំង មានគ្នាជិត ២០នាក់ ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ៣៥៩៦“ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុង សំណុំរឿងទណ្ឌលេខៈ ៥៣៤០ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រម ស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ពីក្នុងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្រ្ក អាស៍យ ដ្ឋានស្ថិតនៅផ្ទះលេខៈ០៥ផ្លូវធំភ្លោះ សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ដោយគ្មានការជូនដំណឹងជាផ្លូវការណាមួយដល់ម្ចាស់ផ្ទះ និងមិនមានការចូលរួមពីមន្ត្រី នៃសាលាដំបូង រាជធានីភ្នំពេញ និងមន្ត្រី អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ នោះទេ។

លិខិតដដែលនេះ បញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅលោកឧត្ដមសេនីយ៍ទោ ឡុង ស្រេង បានដឹកនាំកម្លាំង ចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខៈ ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ នៅទីតាំងផ្ទះលេខៈ ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ម្ដងរួចហើយ ។ នៅក្នុងការអនុវត្តនោះ លោកឧត្ដមសេនីយ៍ទោ ឡុង ស្រេង បានសម្រេចផ្ញើសម្ភារដែលតុលាការ រឹបអូសក្រោយការអនុវត្តផ្ញើនៅនឹងឈ្មោះ អ៊ុច សម្បត្តិ ដើម្បីជួយរក្សាទុកជាបណ្ដោះអាសន្នក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារទាំង នោះ ដូចមានក្នុងកំណត់ហេតុអនុវត្ត ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ (ពុំបានកំណត់ទីតាំងរក្សាទុក)។

ក្រោយមកលោក អ៊ុច សម្បត្តិ បានយកសម្ភារដែលតុលាការរឹបអូស ខាងលើ ទៅផ្ញើបន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្ដ្រ ជាបណ្ដោះអាសន្ន ដើម្បីរងចាំលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង មកទទួលយកទៅរក្សាទុក នៅទីតាំង របស់សមត្ថកិច្ច។

ស្រាប់តែនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ជាប្រធាន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងរបស់ខ្លួនចូលរុះរើស និងដឹកសម្ភារទាំងនោះ ចេញពីក្នុងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្ដ្រ ដោយពុំបានជូនដំណឹងដល់លោក អ៊ុច សម្បត្តិ និងភាគីម្ចាស់ផ្ទះឈ្មោះ ហ៊ីម សុភ័ក្រ្ក ឲ្យត្រឹមត្រូវតាមច្បាប់ជាមុនឡើយ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង   ព្រមទាំងបក្ខពួក បានគម្រាមវាយខ្នោះ និងចាប់ លោក អ៊ុច សម្បត្តិ និងម្ចាស់ផ្ទះឈ្មោះ ហ៊ីម សុភ័ក្រ្ក ដាក់គុកជាច្រើនលើកច្រើនសារទៀតផង។

គួរបញ្ជាក់ថា ទីតាំង នៃការអនុវត្តសាលក្រមព្រហ្មទណ្ឌលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះលេខ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកទីតាំងផ្ទះដែលមាន លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានដឹកនាំកម្លាំង ចុះទៅរុះរើ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ០៥ ផ្លូវធំភ្លោះ សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  គឺជាកម្មសិទ្ធិរបស់លោកស្រី ហ៊ីម សុភ័ក្រ្ក ជាទីតាំងផ្ញើបណ្ដោះអាសន្ន(ខុសទីតាំង ខុសខណ្ឌ)។ដូច្នេះនៅ មុន ពេលចុះទៅរុះរើ និងដឹកជញ្ជូនសម្ភារដែលតុលាការរឹបអូសលោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង គួរតែជូនដំណឹងដល់ភាគីទទួលបញ្ញើ និងភាគីម្ចាស់ផ្ទះឲ្យបានដឹងជាមុនតាមនីតិវិធីច្បាប់។

សមាគមអ្នកប្រឹក្សាយោបល់ គ្រឿងសម្អាង ចាត់ទុកទង្វើ របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួកគឺជាសកម្មភាពរំលោភលំនៅដ្ឋានរបស់ពលរដ្ឋដោយខុសច្បាប់។ ម្យ៉ាង វិញទៀត សកម្មភាពរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោឡុងស្រេង ព្រមទាំងបក្ខពួកហាក់រំលោភអំណាចរបស់ស្ថាប័ន តុលាការ ដែលជាម្ចាស់ករណីក្នុងសំណុំរឿងអនុវត្តដែលមានសាលក្រមស្ថាពររូចហើយ។

សមាគមអ្នកប្រឹក្សា យោបល់គ្រឿងសម្អាង ចាត់ទុកទង្វើ របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំង បក្ខពួក ជាការប្រាសចាក ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល និងជាពិសេសក្រសួងមហាផ្ទៃ ដែលតែងតែគាំពារ អាជីករ ក្នុងវិស័យសហគ្រាសធនតូច និងមធ្យម ដែលមានពាណិជ្ជករជាពលរដ្ឋខ្មែរ។

អំពើធ្វើទុក្ខបុកម្នេញលើអាជីវកម្មធន់តូច និងធម្យម របស់កម្លាំងសមត្ថកិច្ចបែបនេះ ត្រូវមហាជនទូទៅ និងមជ្ឈដ្ឋានអ្នកវិនិយោគ ចាត់ទុកថា ជាអំពើ កៀបស៊ីស្រស់ៗ ក្រោមលេសអនុវត្តច្បាប់ ទាំងដឹងថា សហគ្រាសទាំងអស់នោះ បានព្យាយាមគោរពតាមច្បាប់រដ្ឋរួចហើយក្តី។

ការគំរាមកំហែង យាយី និងបំភិតបំភ័យ វិស័យសហគ្រាសធនតូច និងមធ្យម ដែលមានពលរដ្ឋខ្មែរជាម្ចាស់ ពីសំណាក់កងកម្លាំងសមត្ថកិច្ចបែបនេះ គឺប្រៀបបាននឹងការកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចរបស់ជាតិមួយផ្នែកធំ។

ជាងនេះទៅទៀត ទង្វើនេះក៏ជាការបន្លាចអាជីវករដទៃទៀត ឲ្យខ្លាចរអា និងបាត់បង់ជំនឿចិត្តលើការអនុវត្តច្បាប់ ប្រកបដោយតម្លាភាព របស់រាជរដ្ឋាភិ បាលកម្ពុជា ព្រោះតែកិច្ចខិតខំប្រឹងប្រែង និងការលើកទឹកចិត្តរបស់រាជរដ្ឋា ភិបាល និងក្រសួងមហាផ្ទៃ ចំពោះអ្នកវិនិយោគ ត្រូវបានបំផ្លាញចោលដោយក្រុមមន្ត្រីខិលខូចមួយក្តាប់តូចនេះ។

ប្រជាពលរដ្ឋ និងអ្នកវិនិយោគ សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ នឹងមិនបណ្តែតបណ្តោយ ឲ្យក្រុមជនមួយក្តាប់តូចនេះ បន្តសកម្មភាព បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាំងពីយូរណាស់ មកហើយនោះទេ។

បន្ទាប់ពី​ទទួល​បណ្តឹង​ខុទ្ទកាល័យ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១១ខែធ្នូឆ្នាំ២០០១៩ បាន​បញ្ជូន​ករណីនេះ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី​ពិនិត្យ​លើ​ករណី​បណ្តឹងខាងលើ នេះ​។​

​លោក ​ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ បានដាក់​ដីកា​បញ្ជូន​ គោរព​ជូន​នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​ដាក់ជូន ​សម្តេច​ក្រឡាហោម ស ខេង ពិនិត្ យ​លើ​លិខិត​លេខ ១៦/២០១៩សអគ ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩​របស់​សមាគម​អ្នក​ប្រឹក្សា យោបល់ ​គ្រឿងសម្អាង គោរព​ជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ សំណើសុំ​ជួយ​អន្តរាគមន៍​ចាត់វិធានការ ចំពោះ​ករណី​រំលោភ​លំនៅដ្ឋាន និង​ចុះ​អនុវត្ត​សាលក្រម​ ព្រហ្មទណ្ឌ​ស្ថាពរ​ ដោយ​ខុស​នីតិវិធី ច្បាប់​ពី​សំណាក់​កម្លាំង ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ លើ​ក្រុមហ៊ុន គ្រួសារ​កក់ក្តៅ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន និង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង​។​

 

 

Leave a Reply

(*) Required, Your email will not be published