ខេត្តកំពង់ចាម ៖ ភាពមិនប្រក្រតីដែលកើតឡើងនៅក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដឹកនាំដោយលោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី កំពុងត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ ហេតុនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេ។
ប្រភពពី លោកគ្រូ អ្នកគ្រូ នៅក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងមករាល់ការ ចំណាយរបស់លោក ប៉ែន ម៉ារឌី ពោរពេញទៅដោយភាពមិនប្រក្រតី ធ្វើឲ្យមានការសង្ស័យ យ៉ាងខ្លាំង ហើយ ក៏មានលាយឡំ ដោយអំពើពុករលួយទៀតផង។ ក្នុងនោះការចំណាយថវិកាជាតិ១៩០លានរៀល ទិញបានត្រឹមតែម្ជុល សឺរ៉ាំង និងចេស ធ្វើឲ្យលោកគ្រូ អ្នកគ្រូ ភាគច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះខ្ទង់ចំណាយរបស់លោក ប៉ែន ម៉ារឌី ដែលជានាយក សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។
បើតាមការអះអាងរបស់លោកគ្រូ អ្នកគ្រូ មួយចំនួនក៏ដូចជាសិស្សដែលរៀននៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានឲ្យដឹងថា លោក ប៉ែន ម៉ារឌី ចំណាយថវិកាជាតិដល់ទៅ១៩០លានរៀល សម្រាប់ទិញម្ជុល សឺរ៉ាំង និងចេស សម្រាប់ប្រាស់ប្រាស់ដែលជាការចំណាយខ្ពស់ជាងមន្ទីរសុខាភិបាលខេត្តកំពង់ចាម ទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា មន្ទីរសុខាភិបាលខេត្តកំពង់ចាម គ្រប់គ្រងទាំងមន្ទីរពេទ្យក្នុងខេត្ត ក៏ដូចជាមន្ទីរពេទ្យបង្អែកតាមស្រុក ព្រមទាំងមណ្ឌលសុខភាពចំណុះរហូតជាង១០០កន្លែង បែរជាចំណយតិចជាងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ទៅវិញ។ បញ្ហានេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យឡើងវិញជាបន្ទាន់ ចំពោះទង្វើមិនប្រក្រតីរបស់លោក ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។
ថ្មីៗនេះលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សនៅក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម មានការសង្ស័យយ៉ាងខ្លាំង ទៅលើការចំណាយថវិកាជាតិដល់ទៅ១៩០លានរៀល ហើយលោក ប៉ែន ម៉ារឌី ទិញបានត្រឹមម្ជុល សឺរ៉ាំង និងចេស ប៉ុណ្ណោះ។
ជុំវិញបញ្ហានេះមានការសង្ស័យថា លោក ប៉ែន ម៉ារឌី និងបក្ខពួកកេងប្រវ័ញ្ចថវិកាជាតិមួយផ្នែកធំនៃការចំណាយនោះ ទុកធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
លោកគ្រូអ្នកគ្រូនិងសិស្ស ដែលរៀនក្នុង សាលាមធ្យមសិក្សាសុខាភិបាលភូមិ ភាគកំពង់ចាម ក៏បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅទៅលើទង្វើ មិនប្រក្រតី និងអំពើពុករលួយរបស់លោក ប៉ែន ម៉ារឌី ព្រមទាំងបក្ខពួកផងដែរហើយចាត់វិធានការតាមច្បាប់ជាធរមាន៕
ករណីខាងលើមិនអាចទាក់ទងការបញ្ជាក់ លោក ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បាននៅឡើយ៕

លោក ម៉ុម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល

លោក ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម