
ខេត្តរតនគីរី ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ លោក ឡេង វណ្ណារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តរតនគីរី បានចេញដីកាបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់បុរសម្នាក់ មានងារជាឧកញ៉ា ពាក់ព័ន្ធករណីចេញសែកស្អុយ កាលពីពេលកន្លងទៅ។ នេះបើតាមដីការបស់ចៅក្រម ។
នៅក្នុងដីកា បញ្ជាឲ្យចាប់ខ្លួន របស់លោក ឡេង សុវណ្ណារិទ្ធ បានបញ្ជាក់ថា ឈ្មោះ ធី ឬទ្ធីសី ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «រំលោភ លើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណង និងដោយចេតនា ធ្វើឲ្យខូចខាតប្រយោជន៍អ្នកដទៃ» ប្រព្រឹត្ត នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគីរីកាលពីថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ និងបានស្នើឲ្យឃុំខ្លួនបណ្តោះអាសន្ន ៕