កម្ពុជា បរាជ័យលើកទី៣ នៃវគ្គជម្រុះ World Cup 2022 ក្រោយចាញ់អ៊ីរ៉ាក់ ៤-០

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យលើកទី៣ ក្នុងវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ក្នុងពូល C ក្រោយបន្តចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩នេះនៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៤៨២៥៨នាក់។ការបរាជ័យជាលើកទី៣ ក្នុងចំណោម ៤ប្រកួតនេះបានធ្វើឲ្យក្រុមម្ចាស់ផ្ទះគោ ព្រៃកម្ពុជា បន្តឈរនៅបាតតារាងក្នុងចំណោម ៥ប្រទេសប្រចាំពូល C ដោយរកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះកាលពីប្រកួតស្មើជាមួយក្រុមហុងកុង ១-១ នៅថ្ងៃបើកឆាកនាពហុកីឡដ្ឋានជាតិអូឡាំពិកនេះដូចគ្នា។

ដូចគ្នានោះដែរ ក្រុមជម្រើសជាតិកម្ពុជា គឺមានសង្ឃឹម តិចតួចបំផុត ដើម្បីប្រជែងកៅអីឡើងទៅជុំទី៣ ដ្បិតជាក្រុមមួយនេះបានរបូតគ្រាប់បាល់ច្រើនជាងគេប្រចាំពូល ក្រោយឆ្លងកាត់ ៤ប្រកួតដោយកម្ពុជា បានរបូតគ្រាប់បាល់ដល់ទៅ ១៩គ្រាប់ និងស៊ុតចូលទីគូប្រកួតវិញបបានតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល C នៃជើងទី ១។

កម្ពុជា ត្រូវធ្វើដំណើរទៅប៉ះក្រុមហុងកុង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មុនបន្តទៅប៉ះម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ក្នុងការប្រកួតជើងទី២ ក្នុងពូល C ដដែល៕

 

Leave a Reply

(*) Required, Your email will not be published