រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២យប់ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។បុរស៣នាក់ជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់ ទាំងបីនាក់ភ្លាមៗ នៅកន្លែងយ៉ាងអាណោចអាធ័ម។
សពរបស់ជនរងគ្រោះទាំង៣នាក់ ត្រូវបានដឹកយកទៅ តម្កល់នៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៣ បានជិះម៉ូតូ១គ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ស្របទិសដៅរថយន្តភ្លាមៗនោះរថយន្តម៉ាក toyota ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-9447 បើកបរដោយបុរសម្នាក់បោះពួយយ៉ាងលឿន ខណៈដែលមេឃកំពុងភ្លៀង ក៏ជ្រុលទៅបុកចំម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យអូសជាង១០០ម៉ែត្រ ជាប់បុរសពីរនាក់ជាប់ក្រោមរថយន្ត និងម្នាក់ទៀតខ្ទាតចេញពីរថយន្ដស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះគេឃើញអ្នកបើករថយន្តបានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋរត់ដេញឃាត់ បាននិងបញ្ជូនទៅអធិការខណ្ឌភ្លាមៗផងដែរ៕

