រាជធានីភ្នំពេញ ៖ អតីតយុវជនរបស់សាលាបាល់ទាត់ជាតិ និងជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ កីឡាករ សែម ផា បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាម ហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជា។
«នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាពិតជាមានទឹកចិត្តសោកស្ដាយសង្រេង និងសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតភពកុំបីឃ្លាងឃ្លាតឡើយ»។ នេះជាការចូលរួមរំលែកទុក្ខរបស់សហព័ន្ធបាល់ទាត់កម្ពុជា។
ជាមួយគ្នានេះអ្នកគាំទ្របាល់ទាត់កម្ពុជា ជាច្រើនបានចូលរួមសោកស្ដាយ និង រំលែកទុក្ខ ដល់ការបាត់បង់ធនធានកីឡាករវ័យក្មេងរបស់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំរូបនេះ៕


