លោក ស្វាយ សំ​អ៊ាង មិនអាច​បិទបាំង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បានទេ​

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ ​ក្នុងការ​បង្ក្រាប ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពីពេល​ថ្មីៗ​នេះ​ ជាស​ក្ដី​ភាព​ បញ្ជាក់ថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនអាច​បិទបាំង​បទល្មើស​ព្រៃ ឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ផ្ទុយទៅវិញ គឺ​លោក ស្វាយ សំ​អ៊ាង ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ការឃុបឃិត​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ព្រមទាំង​បក្ខពួក ក៏ដូចជា​ឈ្មួញ​ច្រើន​នាក់​ទៀត​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទៅ លើ​ភាព​អសកម្ម​ របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី តាម​ស្ថានភាព​ជាក់ស្ដែង​ព្រោះ​លោកស្វាយ សំ​អ៊ាង បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​បន្ត​ កើតឡើង​យ៉ាង​រាលដាល​។

បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ​ជាក់ស្ដែង​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ ជាពិសេស​ឈ្មួញ​ឈ្មោះគួ​យ សុ​ឃុន ជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរីនិង​ជា​ប្អូន ប្រុស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ឈ្មោះ សារឿន ម៉ាប់ ក៏ដូច ជា​ឈ្មួញ​ឈ្មោះ ឆុង ។ល។ នៅតែ បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​រលូន​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ​ក្នុង​ឃុំ​ប៊ូ​ស្រា សង្ឃឹមថា ​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនឹង​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ ស្រុក​យួន​ តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ក្នុងពេល​ឆាប់ៗខាងមុខនេះ​ជាមិនខាន​។ ក្នុងនោះ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វេភាគី​ណាំ​លៀហៅ​ច្រក​ប៉ុស្ដិ៍​៧ ត្រូវបាន​គេ​ដឹងថា ​ជា​អ្នកមាន​សិទ្ធិអំណាច​ធំធេង​ជាង គេ ក្នុងការ​ឃុបឃិត​បើកដៃ​ ពី​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ យ៉ាង​គគ្រឹកគគ្រេង​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ តាម​តំបន់​ ព្រំដែន​វៀតណាម ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​ នៅតែ​បន្តសកម្ម ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វេភាគី​ឡា​ប៉ា​ខេនិង​ ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​ពេញបន្ទុក​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាលោក សាផល្លា មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ឡា​ប៉ា​ខេដែល ជា​មនុស្ស​ជំនិត​ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ​យ៉ាង​អនាធិបតេយ្យ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

ករណីខាងលើ មិនអាចទាក់ទង ការបញ្ជាក់ពី អ្នកនាំពាក្យ សាលាខេត្តមណ្ឌលគិរី បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published