
ខេត្តត្បូងឃ្មុំ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដក លោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យសត្វខេត្តត្បូងឃ្មុំ ចេញពីដំណែង បន្ទាប់ពីកើតមានជំងឺ ប៉េស្តជ្រូកអាហ្វ្រិក នៅក្នុង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងដោយសារ ការដឹកនាំ មាន ភាពមិនប្រក្រតីមួយចំនួន ខណះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មានការពាក់ពន្ឋ័ ដែរនោះ មិនមានការដកដំណែងនោះទេ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះថា ការដក ប្រធានការិយាល័យពេទ្យសត្វនៅខេត្តត្បូងឃ្មុំ បានសម្រេចដកតាំងពីដើមសប្តាហ៍មកម្លេះ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ទាក់ទងបញ្ហានេះ គឺតាមអ្វី ដែលមន្ត្រីរបស់យើង ចុះធ្វើការ គាត់ (ប្រធានការិយាល័យសុខភាពសត្វនៅខេត្តត្បូងឃ្មុំ) មិនសូវសហការពេញលេញ ហើយគាត់រៀងសោះរង្គើញ រឿងការងារសហការ ជាមួយក្រុមការងារដែលចុះពីកណ្តាលទៅ ហើយយើងតាមដាន មើលសកម្មភាព កន្លងទៅនេះ ឃើញមាន ជួបបញ្ហាចឹង ហើយក៏យើងបានធ្វើការណែនាំ មួយជំហានដែរ ប៉ុន្តែហាក់បីដូចជាមិនសូវបានកែលម្អរ បានល្អប្រសើរ បានឈានទៅដល់ការដក ព្រោះយើងបានទុកពេលឲ្យគាត់មួយខែជាងលើបញ្ហានឹង”។
ស្ថានភាពនៃការផ្ទុះជំងឺ ប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានប្រជាពលរដ្ឋ បង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងខណៈរបាយការណ៍ នៃជ្រូកងាប់ បានរីករាលដាលចេញ ពីឃុំមៀនដែលមានជ្រូកងាប់ចំនួន១៨៣ក្បាលដល់ឃុំអំពិលតាពកដែល មានជ្រូកងាប់ចំនួន៥៨ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ ចំនួន ៦២ក្បាល។ ចំណែក ឃុំ ៤ ទៀតរបស់ស្រុកនេះ ក៏មានជ្រូកងាប់ផងដែរ។
ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវ យ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺ ប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារ តែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូក របស់ពលរដ្ឋ ប្រឈមមុខ នឹងការ ខាតបង់ដើមទុនកាន់តែខ្លាំង។
គួរបញ្ជាក់ថាកន្លងមកសារព័ត៌មានជាច្រើនផ្សាយ ពីបទល្មើសឈ្មួញដឹកជញ្ជូន ជ្រូកយួនតាមរថយន្តចេញតាមច្រករបៀងជីពាំងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ យ៉ាងគគ្រឹកគគ្រេង ដោយក្នុង១យប់ៗពី២០០ក្បាលទៅ៣០០ក្បាល ដឹកជញ្ជូនរាល់ថ្ងៃ-យប់ ចេញទៅលក់នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី និងមួយផ្នែក ចូលមកលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ គឺដឹកមិនលោះថ្ងៃណាឡើយ មន្ត្រីជំនាញពេទ្យសត្វ ដែលមានលោក រី ដាវិន មេពេទ្យសត្វខេត្តត្បូងឃ្មុំនិងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បិទ ភ្នែកបើកដៃ អោយឈ្មួញដឹកជញ្ជូន តាមអំពើចិត្ត ផ្គើនបទបញ្ជា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានដាក់បទបញ្ជា ដល់មន្ត្រីជំនាញតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយយួន និងជាមួយសៀម ក្នុងការទប់ស្កាត់ សកម្មភាពនាំចូលជ្រូកពីប្រទេសជិតខាង ក្នុងខណៈដែលជំងឺប៉េស កំពុងរាលដាល។ ក៏ប៉ុន្តែលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ រួមនិងលោក រី ដាវិន មេពេទ្យសត្វខេត្តត្បូងឃ្មុំ មិនអនុវត្តន៍ តាមបទបញ្ជា របស់ថ្នាក់ដឹកនាំក្រសួងកសិកម្មនោះទេ ។
ហេតុដូចនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដក លោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យសត្វខេត្តត្បូងឃ្មុំ ចេញពីតំណែងវាជាការត្រឹមត្រូវបំផុត និងគួរដក តំណែងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបន្ថែមទៀតវាកាន់តែប្រសើរអោយសាកសមនឹងទង្វើកន្លងមក៕