លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម និងមេព្រៃខេត្តក្រចេះ មានអំណាចផ្ដល់ច្បាប់អោយឈ្មួញបង្កើតដេប៉ូស្តុកឈើ នៅក្បែរព្រំដែនងាយស្រួលនាំចេញទៅវៀតណាម ខណៈឈ្មួញឈ្មោះ សោភ័ណ្ឌ និងឈ្មោះហេង ដឹកឈើលើសច្បាប់អនុញាត

, , Leave a comment

ខេត្ត​ក្រចេះ ៖ មន្ត្រីអាជ្ញាធរនៅស្រុកស្នួលខេត្តក្រចេះ បានអះអាងថា លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម និងមេព្រៃខេត្តក្រចេះ បានឃុបឃិតគ្នាផ្ដល់ទីតាំងអោយឈ្មួញស្តុកឈើ សំរាប់លក់ចែកចាយ នៅក្បែរបន្ទាត់ព្រំដែន ដែលជាការផ្ដល់ឱកាស អោយឈ្មួញ មានលទ្ធភាពខ្ពស់ ក្នុងការនាំឈើ ល្មើសច្បាប់ឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាមបែបអាណាធិបតេយ្យ។

យោងតាមច្បាប់អនុញ្ញាត ដែលចេញដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះចុះថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩ដោយមានការចុះហត្ថលេខា អមពីលោក នួន ពៅរតនា នាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងយោងតាមសំណើរបស់នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង បានអនុញ្ញាតអោយ ឈ្មោះ ទា កែវមុនី បង្កើតរោងសន្និធិ លក់ចែកចាយផល អនុផលព្រៃឈើមានទីតាំងនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមការចុះទៅដល់ ទីតាំងស្តុកឈើ ដោយផ្ទាល់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩នេះកន្លែងដែលស្ដុកឈើគឺស្ថិតនៅតាមបណ្ដោយផ្លូវដីគ្រួសក្រហម ចូល ជ្រៅពីថ្នល់ជាតិ ដែលមានតែផ្ទះបងប្អូនជនជាតិភាគតិច តិចតួច និងចំការកៅស៊ូឯកជន និងជាផ្លូវឆ្ពោះចេញទៅតាមច្រករបៀងព្រំដែន D3-D4 ដែលផ្លូវនេះ សុទ្ធតែមានបារ៉ាស់ ហាមចេញ-ចូលជាសាធារណៈ ទៀតផង ដែលងាយអោយឈ្មួញលួចនាំឈើចេញបានយ៉ាងងាយស្រួល។

 

តាមមន្ត្រី និងអ្នករកស៊ីឈើបានអោយដឹងថា ទីតាំងស្តុកឈើ របស់ឈ្មួញដែលលោក ទ្រី សុភក្ដិ អនុញ្ញាតច្បាប់នេះវាគ្មានយុត្តិសាស្ត្រងាយស្រួលសំរាប់ស្តុកឈើលក់ និងចែកចាយនៅក្នុងស្រុកឡើយ គឺជាទីតាំងស្តុកឈើងាយស្រួល សំរាប់ លួចនាំចេញ តាមច្រករបៀងព្រំដែននានា យកទៅលក់នៅប្រទេសវៀតណាម ព្រោះទីតាំងនៅក្បែរច្រករបៀងព្រំដែន តែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ។

 

តាមការអោយដឹង ពីមន្ត្រីនៅខេត្តក្រចេះ បានអោយដឹងថា បច្ចុប្បន្នមានឈ្មួញកណ្ដាលចំនួន២នាក់ម្នាក់ឈ្មោះសោភ័ណ្ឌ និងម្នាក់ទៀតឈ្មោះហេង ដែល ពួកគេមានខ្នងបង្អែក ជាមន្ត្រីមានឥទ្ធិពលនៅភ្នំពេញ បានរត់ការដឹកឈើចេញពី ក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ចយ៉ានចាវ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានច្បាប់ដឹកជញ្ជូន(PC)ត្រឹមត្រូវ ដើម្បីយកទៅលក់អោយអ្នកប្រើប្រាស់ ក្នុងស្រុក ដោយក្នុងច្បាប់អនុញ្ញាត អោយដឹក១ រថយន្តភ្លៅ៥ ចំណុះយ៉ាងច្រើនពី១៥ ទៅ១៨ម៉ែត្រគូបប៉ុណ្ណោះ តែពួកឈ្មួញ និងមន្ត្រីរដ្ឋបាល ព្រៃឈើឃុបឃិតគ្នាអនុញ្ញាតអោយ ដឹករហូតដល់ជាង ៣០ទៅជាង ៤០ម៉ែត្រ គូប។

ក្នុងនោះ បើឈើអារ ប្រភេទលេខ២ ពួកគេសុំ PC ដឹកយកទៅភ្នំពេញ ខេត្តព្រៃវែង តាកែវ កណ្ដាលលក់អោយតាមដេប៉ូឈើនានា តែបើឈើលេខ១ឬឈើប្រណីតគេសុំ PC ដឹកយកមកស្តុកនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ឬនៅភូមិផ្សារក្ដុលឃុំទន្លូង ស្រុកមេមត់ ដែលជាកន្លែងមានច្បាប់ស្តុក តែពេលយប់ ឡើងគេលើកដាក់ រថយន្តតួរីស លួចនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀងតែម្ដង។

ករណីនេះ គេថា ជាទង្វើកន្ទេលធំ បន្លំដេក រវាងឈ្មួញឈើ និងមន្ត្រីមេព្រៃរួមទាំងមន្ទីរកសិកម្មផងដែរ។ ដូច្នេះសូម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលការ អនុញ្ញាតច្បាប់របស់ លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ខាងលើនេះផង៕

 

 

Leave a Reply

(*) Required, Your email will not be published