ឈ្មួញនាំចូលជ្រូកពីស្រុកយួន តាមច្រករបៀងក្នុងខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មើលរំលង

, , Leave a comment

 

ខេត្តត្បូងឃ្មុំ ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តាម​ច្រករបៀង​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែកមាន​សកម្មភាព​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុកហើយ ​គ្មាន​មន្ត្រី​ជំនាញ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ទន្ទឹមនឹងនេះ​ប្រភព ពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងឈ្មោះ រី ដាវិន ​មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ជ្រូក​ពី​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​បានទេ​ ។

ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក ​ពី​ស្រុក​យួន ​តាម​ច្រករបៀង​ទាំងយប់​ទាំង​ថ្ងៃ​ បើទោះបី​មាន​ បម្រាម​ពី​ក្រសួង​ពាក់ព័ន្ធ​ណា​យ៉ាងណាក៏ដោយ​។

 

សេចក្តីរាយការណ៍បន្តទៀតថា សព្វថ្ងៃនេះឈ្មួញមុខដដែលៗគឺឈ្មួញឈ្មោះ រ៉េន ត្រូវបានគេអះអាង ថា មានអំណាចដឹកជ្រូកយូនតាមរថយន្តចេញតាម ច្រករបៀងជីពាំង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ យ៉ាងគគ្រឹកគគ្រេង ដោយក្នុង១ យប់ៗពី២០០ក្បាលទៅ៣០០ក្បាល ដឹកជញ្ជូនរាល់ថ្ងៃ-យប់ ចេញទៅលក់នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី និងមួយផ្នែកតូចចូលមកលក់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ គឺដឹកមិនលោះ ថ្ងៃណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ឬខ្យល់ព្យុះក៏ឈ្មួញឈ្មោះ រ៉េន នៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។សមត្ថកិច្ចនិងមន្ត្រីជំនាញពេលខ្លះមិនដែលហ៊ានត្រួត ពិនិត្យ ឬហើបមាត់ពីការរកស៊ីដឹកជញ្ជូនជ្រូកយូនតាមរថយន្តចេញតាម ច្រក របៀងជីពាំង ស្រុកពញាក្រែក របស់ឈ្មួញនោះទេ ជាពិសេស គឺជំនាញពេទ្យសត្វ ខេត្តត្បូងឃ្មុំ ដែលមានលោក  រី ដាវិន មេពេទ្យសត្វខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចឈរជើងតាមដងផ្លូវ គឺទី១ ដោយសារ តែឈ្មួញឈ្មោះ រ៉េន មានលុយ បិទមាត់សមត្ថកិច្ចអស់ទាំងនោះ និង ទី២ អាចអាជ្ញាធរខេត្ត មើលរំលងបញ្ហាឈ្មួញដឹកជ្រូកយួន ចូលស្រុកខ្មែរយ៉ាងអាណាធិបតេយ្យ ។

 

ករណីជាក់ស្តែងកន្លងមក សមត្ថកិច្ចជំនាញពេទ្យសត្វ ខេត្តកំពង់ចាម ចុះចាប់បង្ក្រាបជ្រូកយួនរាប់រយក្បាល ដែលឈ្មួញដឹកជញ្ជូននាំជ្រូកវៀតណាមចូលដល់ទឹកដីខេត្តកំពង់ចាម។ សួរថា ប្រសិនបើគ្មានការ ឃុបឃិតពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ  រួមនិងលោក រី ដាវិន មេ​ពេទ្យ សត្វ​ខេត្ត​ត្បូងឃ្មុំទេនោះ តើឈ្មួញដឹកជ្រូកយួន ហោះចូលដល់ក្រុងកំពង់ចាមនោះមែនទេ?ដូច្នេះជ្រូក វៀតណាមដែលនាំចូល​ដល់ក្រុងកំពង់ចាមអាចហោះពីលើកាត់ខេត្តត្បូងឃ្មុំនៅគ្រាដែលប្រធានមន្ទីរ កសិកម្មខេត្តត្បូងឃ្មុំ គ្មានលទ្ធភាព ជ្រូកហោះចូលតាមដែនសមត្ថកិច្ចរបស់ខ្លួនពីលើអាកាសនោះ។

 

គួរ​រំលឹក​ដែរ​ថា ថ្មីៗ​កន្លងទៅនេះ ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានដាក់​បទបញ្ជា​ ដល់​មន្ត្រី​ជំនាញ​តាម​បណ្ដា​ខេត្ត​ ជាប់​ព្រំដែន​ ជាមួយ​យួន និង​ជាមួយ​សៀម ក្នុងការ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ក្នុងខណៈដែល​ជំងឺ​ប៉េ​ស​កំពុង​រាលដាល​។ ក៏ប៉ុន្តែ​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ រួមនិងលោក រី ដាវិន​ មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​នោះទេ ហើយ​នៅតែ​បន្ត​បើកដៃ ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ខុសច្បាប់ ​តាម​ច្រករបៀង​ ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​រាលដាល​។ ករណី​ឈ្មួញ​នាំចូល​ជ្រូក​ខុសច្បាប់ តាម​ច្រករបៀង​ ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់ ​របស់​មន្ត្រី​ពេទ្យសត្វ មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដទៃទៀត​ផងដែរ ហើយ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ក្នុងខណៈដែល​ឈ្មួញ​បន្ត​នាំចូល​ជ្រូក​ពី​ស្រុក​យួន ​តាម​ច្រករបៀង​ ក្នុងស្រុក​ពញាក្រែក និង ​ស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​មួយរយៈ​ពេល​ចុងក្រោយ​នេះ​៕

ករណីខាងលើ មិនអាចទាក់ទងបញ្ជាក់ពីអ្នកនាំពាក្យ សាលាខេត្ត​ត្បូងឃ្មុំបាននៅឡើយ៕

 

លោក រី ដាវិន​ មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ

លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ

 

Leave a Reply

(*) Required, Your email will not be published