លោក តែម ធារ៉ា មេប៉េអឹមស្រុកភ្នំក្រវាញ ប្រើប្រាស់ឈ្មោះលោក អ៊ុក សាម៉ុន មេប៉េអឹមខេត្តពោធិ៍សាត់ ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ យ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តពោធិ៍សាត់ ៖ បើតាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់បាន​ឲ្យ​ដឹងថា លោក តែម ធារ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញគឺជា​ឈ្មួញ​ល្បីល្បាញ​ ខាង​ប្រមូល​ទិញ​ឈើ ​និង​ដឹកជញ្ជូន​ឈើ​ចេញ ពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក ​ព្រោះ​អាង​មាន​ខ្នង បង្អែក​រឹងមាំ គឺលោក ​ផ្កាយ១ អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ដូច្នេះហើយ​ទើប​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​លោក តែម ធារ៉ា ទាល់តែសោះ​នាពេល​កន្លងមក​។ រហូតមកដល់​ពេលនេះ​លោក តែម ធារ៉ា នៅតែ​បន្តសកម្មភាព ​ប្រមូល​ទិញ​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ ចេញពី​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក ហើយ​ប្រើប្រាស់​ឈ្មោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រ​អឹ​ត​ក្រ​ទម​។

 

ប្រភពពី​ប្រជាពលរដ្ឋ​ នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែល​ល្បីល្បាញ​ខាង​ប្រមូល​ទិញ​ឈើ​ នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ហើយ​ដឹកជញ្ជូន​ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​នាពេល​កន្លងមក​នោះ បច្ចុប្បន្ន​នៅតែ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើមន្ត្រី​ បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា មិនអាច​បន្តសកម្មភាព​ ប្រមូល​ទិញ​ឈើ​ប្រណីត ​ដឹក​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំ ក្រវាញ ដូច​សព្វថ្ងៃ​នេះឡើយ​។

បើតាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់បាន​ឲ្យ​ដឹង ថា លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ បានចាត់ទុក​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​ទើប​ពួកគេ​មិន​បង្ក្រាប​។​

ថ្មីៗ​នេះ​ ប្រភពពី​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង ​ឃុំ​លាច ស្រុក​ភ្នំ ក្រវាញ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ តែម ធារ៉ា កំពុង​ឈរជើង​ចាំ​ទិញ​ឈើ​ប្រណីត​នៅ​ចំណុច​ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ យ៉ាង​សុខ​ស្រួល ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ ដែល​កំពុង​ល្បីល្បាញ​ ខាង​ប្រមូល​លុយ​ពី បទ​ល្មើស​ព្រៃឈើ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​លាច បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​តូចតាច​ដឹកឈើ​តាម​ម៉ូតូ តាម​រ៉ឺម៉ក​ម៉ូតូ និង​តាម​គោយន្ត​កន្ត្រៃ គោយន្ត​កែច្នៃ មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅក្នុង​ភូមិ​ស្បូវ​រីក និង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​មួយកន្លែង​ក្បែរ​ស្ពានដែក​ក្នុង​ឃុំ​លាច​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​ភ្នំក្រវាញសុទ្ធតែ​បានដឹង​ពី​រឿង​ឈ្មួញ​ឈ្មោះតែម ធារ៉ា បន្ត​ប្រមូល​ ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​លាច ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ប្រមូល​ទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ រាជ​កុល ក៏ដូចជា​ឈើ​ប្រភេទ​លេខ​១ ស្ទើរតែ​ផ្ដាច់មុខ​ក្នុង​ឃុំ​លាច ស្រុក​ភ្នំក្រវាញ ទៅហើយ​។ ប្រភព​បាន​បញ្ជាក់ថា ការដែល​ឈ្មួញ​ឈ្មោះ តែម ធារ៉ា អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ គឺ​ដោយសារ​ មានការ​សម្របសម្រួល​ ពី​សំណាក់​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ ភ្នំក្រវាញ ក៏ដូចជា​អាង​មាន​ទំនាក់ទំនង ​ជិតស្និទ្ធ​ជាមួយ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ផងដែរ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ តែម ធារ៉ា បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​កម្លាំងប្រដាប់អាវុធ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​៕

 

 

Leave a Reply

(*) Required, Your email will not be published