លោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងខេត្តមណ្ឌលគរី សង្ស័យមេខ្លោង ឃុបឃិត អោយជនជាតិវៀតណាម ចូលកាប់ឈើដោយខុសច្បាប់ តែត្រូវសមត្ថកិច្ចបង្រ្កាប

, , Leave a comment

ខេត្តមណ្ឌលគរី ៖ សេចក្តីរាយការណ៍ប្រាប់ថា លោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងខេត្តមណ្ឌលគរី កំពុងតែស្ថិត ក្នុងចំណុចសង្ស័យថា ជាអ្នកមានចំណែក ក្នុងសកម្មភាពបើកដៃ ឲ្យកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្ទាប់ពីមន្ត្រីនគរបាលខេត្ត បានឆ្មក់ចាប់ខ្លួនជនជាតិ វៀតណាមពីរនាក់និងខ្មែរ៨នាក់ ពីបទប្រមូលផល និងអនុផលព្រៃឈើ ដោយ ខុសច្បាប់។

ករណីសង្ស័យថា លោក ហាន សុខន មានចំណែក ក្នុងសកម្មភាពកាប់ឈើដោយខុសច្បាប់នេះ បានកើតឡើងក្រោយពីនគរបាលខេត្ត កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានចាប់ខ្លួនបុរស១០នាក់នេះ កំពុងធ្វើសកម្មកាប់ និងប្រមូលឈើ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយរឹបអូសបាន ឈើហ៊ុប អារឡាំង រូចស្រេច ជិត១០០០ កំណាត់  ដែលត្រៀមដឹកឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម។

 

សមត្ថកិច្ចក្នុងប្រតិបត្តការនោះឲ្យដឹងថា ជនសង្ស័យជាខ្មែរ ទាំង៨នាក់ មិនទាន់ ស្អាល់អត្តសញ្ញាណនៅឡើយទេ ចំណែកបុរសវៀតណាមពីរនាក់ មានឈ្មោះ ង្វៀង ង៉ុកចូវ អាយុ៦០ឆ្នាំ និងឈ្មោះ ថាត់ យូ អាយុ៤២ឆ្នាំ ត្រូវនគរបាលប្រគល់ ឲ្យមន្ត្រីនៃមន្ទីរបរិស្ថានខេត្តសាកសួរ និងកសាងសំណុំរឿងឲ្យតុលាការដាក់គុក។

 

គេមិនដឹងច្បាស់ទេថា លោក ហាន សុខន ប្រធានដែនជម្រកសត្វព្រៃភ្នំព្រិច ក្នុងខេត្តមណ្ឌលគរី ទទួលប្រាក់ពីឈ្មួញវៀតណាម ប៉ុន្មានសែនដុល្លា នោះទេ ក្នុងការឃុបឃិតជាមួយឈ្មួញវៀតណាមឲ្យចូលមកកាប់ ដោយខុសច្បាប់ ព្រមទាំងស៊ីដាច់លុយ តែម្នាក់ឯង មិនចែករំលែកជាមួយចៅហ្វាយនាយ របស់ខ្លួន ទើបផ្ទុះរឿង ចាប់បង្ក្រាបតែម្តង។

 

សេចក្តីរាយការណ៍ប្រាប់បន្តថា លោក ហាន សុខន កំពុងតែរត់ឆ្លេឆ្លា រកអ្នកមានឥទ្ឋិពល ជួយអន្តរគមន៍ ព្រោះជនត្រូវចាប់ខ្លួន ទាំងនេះ នឹងឆ្លើយដាក់បន្ទុកមកលើលោកជាក់ជា មិនខាន អំពីការបើកភ្លើងខៀវ ឲ្យចូលមកកាប់ និងដឹកឈើចេញ ទៅលក់នៅវៀតណាម ដើម្បីផលប្រយោជន៍ផ្តាល់ខ្លួន។ ម្យ៉ាងលោក ហាន សុខន ជាជនសង្ស័យ ក្នុងការ ឃុបឃិតជាមួយឈ្មួញវៀតណាម ឲ្យកាប់ឈើដោយខុសច្បាប់ នៅក្នុងដែន​ ជម្រកសត្វព្រៃភ្នំព្រិច នេះជាយូរមកហើយ និងដឹកតាមរថយន្តធុនធំ រាប់សិបគ្រឿង ចូលទៅក្នុងទឹកដីវៀតណាម ដោយបន្លំភ្នែកមហាជន ដែលមិនមានអ្នកណាហ៊ានប៉ះពាល់។

 

ករណីខាងលើនេះ មិនអាចទទួលការបញ្ជាក់ ពីលោក ហាន សុខន និងលោក កែវ សុភក្តិ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននៅឡើយទេ៕

    

 

Leave a Reply

(*) Required, Your email will not be published