មន្ត្រីយោធាឧកញ៉ា គង់ ក្រឹង នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ក្នុងខណៈថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ប្រាប់ថា បន្ទាប់ពី មាន​ភាពស្ងប់ស្ងាត់ មួយ​ដង្ហើមចង្រិត ពេលនេះបទល្មើស​ព្រៃឈើឆ្លងដែន ទៅ​ប្រទេស វៀតណាម បាន​កក្រើក​ឡើង ​រញ្ជួយស្រុកស្នួល ខេត្តក្រចេះ។រហូតមកដល់ពេលនេះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញ គង់ ក្រឹង ដែលមានងារ ជាឧកញ៉ា និងជាឧត្តមសេនីយ៍យោធា នៅតែ​បន្តសកម្មភាព​​ ប្រមូលទិញឈើពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌល គិរី ហើយដឹកជញ្ជូនចេញ ទៅស្រុកយួន តាមច្រករបៀងដេ២ ដេ៣ និងដេ៤ យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញមួយចំនួនបានដឹកជញ្ជូនឈើ មកលក់ឲ្យមេឈ្មួញគង់ ក្រឹង ដល់ទីតាំងស្តុកឈើខាងក្រោយបន្ទាយយោធាវរការពារព្រំដែន លេខ២០៤ ហើយនៅពេលប្រមូលទិញបានច្រើនទើបមេឈ្មួញ គង់ ក្រឹង ដឹកជញ្ជូនឈើទាំងនោះ ចេញទៅស្រុកយួនយ៉ាងរលូន ព្រោះគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់មេឈ្មួញរូបនេះទេ។ ផ្ទុយទៅវិញអភិបាលខេត្តក្រចេះ ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ស្នងការនគរបាលខេត្តក្រចេះនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យមេឈ្មួញ គង់ ក្រឹង បន្តសកម្មភាព ប្រព្រឹត្តបទល្មើសព្រៃឈើ យ៉ាងពេញបន្ទុកតែម្តង។

 

ប្រភពពីមន្ត្រីយោធាក្នុងអង្គភាពវរការពារព្រំដែនលេខ២០៤ ក្នុងឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះបានឲ្យដឹងថាការដែលមេឈ្មួញគង់ក្រឹង អាច​បន្តសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាង​ស្រួលៗ គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងការពារជាតិ ក៏ដូចជានៅក្នុងក្រសួងមហាផ្ទៃ ផង ដែរ។ដើម្បីបង្ហាញពីឥទ្ធិពលខ្លាំងក្លា របស់ខ្លួន ដែលហ៊ាន ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃ។

ក្នុងនោះមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយចំនួនត្រូវបានគេដឹងថាជាបង្អែករឹងមាំរបស់មេឈ្មួញ គង់ ក្រឹង ផងដែរ ហើយមន្ត្រីគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ មិនហ៊ានក្អក ជាមួយមេឈ្មួញ គង់ ក្រឹង នោះឡើយ។

 

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹង ថា ថ្មីៗ​នេះ​ មេ​ឈ្មួញ គង់ ក្រឹ​ង ឈូសឆាយ​ធ្វើ​ផ្លូវ តាម​ច្រករបៀង​ដេ​២ ចម្ងាយ​៣៥០០​ម៉ែត្រ​ដោយ​យក​លេស​ថា សម្រាប់​សម្រួល​​ ដល់​ការធ្វើដំណើរ ​របស់​ប្រជាពលរដ្ឋ​។ប៉ុន្តែ​ជាក់ស្ដែង​ច្រករបៀង​នោះ​ក្លាយជា​ច្រក​ផ្លូវ​ដែល​មេ​ឈ្មួញគង់ក្រឹ​ង បន្តធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូនហើយ​ច្រកបៀង ​ដេ​៣ ក៏​ជា​ច្រក​ដែល​មេ​ឈ្មួញ គង់ ក្រឹ​ង ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ផងដែរ​។នៅ​ច្រករបៀង​ដេ​២ និង​ដេ​៣ មាន​ដាក់​ប៉ុស្ដិ៍​ត្រួត ពិនិត្យ​ មិន​ឲ្យ​មនុស្ស​ចេញចូល​ បានទេ ប៉ុន្តែ​សម្រាប់​រថយន្ត​ដឹកឈើ ម៉ូតូ​ដឹក ឈើ និង​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ​អាច​បើក​ចេញចូល​តាម​ច្រក​ទាំងនោះ​យ៉ាង​រលូន។

ករណីខាងលើ មិនអាចទទួលការបញ្ជាក់ពី មន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើប្រចាំខេត្តក្រចេះ បានឡើយ៕

 

 

Leave a Reply

(*) Required, Your email will not be published