ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា បទល្មើសដឹកជញ្ជូនឈើប្រណីតឆ្លងដែនទៅស្រុកយួន តាមច្រកណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅតែបន្តកើតមាន យ៉ាងគគ្រឹកគគ្រេង ដោយសារមានការបើកដៃ ពីសមត្ថកិច្ចពុករលួយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិវ៉ាយោង ជិតច្រកទ្វារទ្វេភាគីណាំលៀ បានឲ្យដឹងថា ប៉ុស្តិ៍៧ ដែលគ្រប់គ្រង ដោយលោក សំរិទ្ធ ណយ ជាមេប៉ុស្តិ៍ទ្វេភាគី ណាំលៀគឺជាអ្នកបើកដៃឲ្យឈ្មួញឈ្មោះ សារឿន ម៉ាប់ ជាជនជាតិដើមភាគតិច មួយដែលរស់នៅ ក្នុងទឹកដីឃុំប៊ូស្រា បន្តសកម្មភាពកាប់បំផ្លាញ និងញុះញង់ អោយបងប្អូនជនជាតិដើមភាគតិច ចូលទៅកាប់ព្រៃធម្មជាតិ នាភូមិសាស្ត្រក្នុងទឹកដីឃុំប៊ូស្រាយ៉ាងគំហុកដោយមិនខ្លាចញញើតមន្ត្រីជំនាញណាមួយឡើយ
ដោយប្រភពនៅទីនោះបានអះអាងថា មេឈ្មួញឈ្មោះ សារឿន ម៉ាប់ មានខ្នងលោក សំរិទ្ធ ណយ មេប៉ុស្តិ៍ណាំលៀ អាងអំណាចលោក ឡោ សុខា ស្នងការខេត្តមណ្លឌគិរី បើកដៃអោយឈ្មួញសម្រុកកាប់និងនាំចេញឈើ ទៅវៀតណាម យ៉ាងអាណាធិបតេយ្យ ផ្គើនបទបញ្ជាថ្នាក់លើ។
ប្រភពបានឲ្យដឹងទៀតថា ជាក់ស្តែង កាលពីយប់ថ្ងៃទី ២៤-២៨ ខែមីនា ឆ្នាំ ២០១៩មេឈ្មួញឈ្មោះ សារឿន ម៉ាប់ មានខ្នងលោក សំរិទ្ធ ណយ មេប៉ុស្តិ៍ណាំលៀ អាងអំណាចលោកឡោសុខា ស្នងការខេត្តមណ្លឌគិរីដឹកជញ្ជូនឈើតាមរថយន្ត ឡង់គ្រឺស័រ ប្រភេទកែច្នៃប្រមាណជិត៥០គ្រឿង បានដឹកឈើឆ្លងទៅវៀតណាម តាមច្រកទ្វារទ្វេរភាគី ប៉ុស្តិ៧ឬណាមលៀរ ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគ្រេង គ្មានអ្នកណាហ៊ានប៉ះពាល់ទេ។
ទាក់ទងនឹងបញ្ហានេះប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សំរិទ្ធ ណយ ដែលជាមេប៉ុស្តិ៍ច្រកណាំលៀ ឬប៉ុស្តិ៍៧ គឺជាអ្នកឃុបឃិតបើកដៃ ឲ្យឈ្មួញ ជនជាតិវៀតណាម និងមេឈ្មួញខ្មែរ ដឹកជញ្ជូនឈើ យ៉ាងអាណាធិបតេយ្យ ដោយមិនខ្លាច រអែងច្បាប់សោះឡើយ ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងច្រើនជាងគេ។
ប្រភពពីមន្រ្តី នៅស្រុកពេជ្រាដា ក៏បានឲ្យដឹងបន្តថា អ្នកដែលជាប់ពាក់ព័ន្ធនឹងឈ្មួញដឹកជញ្ជូនច្រកខាងលើនោះ រួមមានឈ្មោះ គីម ឆុង មន្រ្តីយោធាគ១ និងឈ្មោះហឿន ឈ្មោះ ស្នោ ឈ្មោះភ័ក្រ្ត ឈ្មោះ កណ្តោ និងឈ្មួញឈើជាច្រើននាក់ទៀត បានទទួលទិញនូវអនុផលព្រៃឈើដោយមានការញុះញង់ពីមេឈ្មួញឈ្មោះ សារឿន ម៉ាប់ ក្រោមការឃុបឃិតបើកដៃ ពីសំណាក់លោក សំរិទ្ធ ណយ មេប៉ុស្តិ៍៧ ដែលមានលោកស្នងការខេត្ត ជាខ្នងបង្អែកយ៉ាងរឹងមាំ៕
ករណីខាងលើ មិនអាចទាក់ទងសុំការបញ្ជាក់ពី អ្នកនាំពាក្យសាលាខេត្តមណ្ឌលគីរី បាននៅឡើយទេ៕







