ខេត្តឧត្ដរមានជ័យ ៖ ប្រភពពីមន្ត្រីគយក្នុងខេត្តឧត្ដរមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា បន្ទាប់ពីលោក ឈុន សុភមង្គល មកកាន់តំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ជំនួសលោក យូ ហេង គឺលោក ឈុន សុភមង្គល កំពុងឃុបឃិតបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។
មានការបង្ហើបឲ្យដឹងថា ប្រហែលលោក ឈុន សុភមង្គល ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ ទើបប្រញាប់ប្រញាល់ក្នុងការប្រមូលលុយតាមរបៀបពុករលួយដើម្បីស្រង់ដើមដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ក្នុងខណៈដែលលោក ឈុន សុភមង្គល កំពុងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព។
លោក ឈុន សុភមង្គល ដែលទទួលបានតំណែង ជាប្រធានសាខាគយខេត្តឧត្ដរមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ កំពុងល្បីល្បាញខាងឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រំដែនជាច្រើនកន្លែង ក្នុងខេត្តឧត្ដរមានជ័យ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ឈុន សុភមង្គល មេគយខេត្តឧត្ដរមានជ័យខ្លះផងព្រោះលោក ឈុន សុភមង្គល កំពុងល្បីល្បាញ ខាងពុករលួយ។ ទន្ទឹមនឹងនេះប្រភពខ្លះ បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក ឈុន សុភមង្គល និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
ប្រភពដែលស្និទ្ធនឹងលោក ឈុន សុភមង្គល បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗច្រើននាក់ សម្រុកនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ដោយគ្មានញញើតអ្វីឡើយ ព្រោះមានការឃុប ឃិតបើកដៃ ពីសំណាក់ ប្រធានការិយាល័យគយច្រកអូរស្មាច់ គឺលោក គួន សុភាព ដែលល្បីល្បាញខាងពុករលួយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានលើកឡើងថា ការដែលលោក គួន សុភាព ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានការសម្របសម្រួលពីសំណាក់លោក ឈុន សុភមង្គល ប្រធានសាខាគយ ខេត្តឧត្ដរមានជ័យ។ មន្ត្រីគយក្នុងខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា លោក ឈុន សុភមង្គល យកមេ រៀន នៃអំពើពុករលួយ ដែលខ្លួនធ្លាប់ប្រព្រឹត្តកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង មកអនុវត្តន៍នៅក្នុងខេត្តឧត្ដរមានជ័យ យ៉ាងរលូន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានលើកឡើងថា ប្រធានការិយាល័យគយច្រកនេះ កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗព្រោះអាងមានលោកឈុន សុភមង្គល ជា បង្អែកដ៏រឹងមាំ។ទន្ទឹមនឹងនេះមន្ត្រីគយ នៅច្រកជប់គគីរ ស្រុកបន្ទាយអម្ពឹល ខេត្តឧត្ដរមានជ័យ ក៏កំពុងឃុបឃិតបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ប្រេងសាំងគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងរាលដាលផងដែរ។ អំពើពើពុករលួយរបស់លោក ឈុន សុភមង្គល និងបក្ខពួកដូចរៀបរាប់ត្រួសៗ ខាងលើនេះ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ខ្លះផងដើម្បីឲ្យស្របតាមវិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ៕


