រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានកោតសរសើរដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22) ដែលលេងបានយ៉ាងល្អ ជាមួយក្រុមជម្រើសជាតិថៃ ទោះបីជាកម្ពុជា មិនបានឡើងទៅ ដល់វគ្គផ្តាច់ ព្រ័ត្រ ដោយចាញ់បាល់ប៉េណាល់ទីកាត់សេចក្តី ៣-៥ យ៉ាងណាក្តី។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏មិនភ្លេចអរគុណដល់បងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់វិស័យកីឡារបស់កម្ពុជា តាមរយៈការទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងទស្សនាតាមទូរទស្សន៍។
តាមរយៈFacebook សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា«សូម កោតសរសើរដល់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាដែលបានខិតខំលេងបានយ៉ាងល្អជាមួយក្រុមU22នៃព្រះរាជាណាចក្រ ថៃ (កម្ពុជា Vs ថៃ) ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 LG Championship 2019 ដែលទើបបានបញ្ចប់ការប្រកួតមុននេះបន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលលទ្ធផល (Cambodia 0-0 Thailand)។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបាន ចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន និងតាមទូរទស្សន៍។ សូមជូនពរកីឡាករទាំងអស់ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត»។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានខកខានឡើងវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះក្រុម U22 ឥណ្ឌូនេស៊ី ក្រោយចាញ់ក្រុមភ្ញៀវ U22 ថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៣-៥ នៅពហុកីឡដ្ឋានជាតិក្នុងវគ្គ៤ក្រុមចុងក្រោយ។
ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U22 Championship 2019 រវាងក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ២២ឆ្នាំកម្ពុជា និងក្រុមការពារតំណែងជើងឯក U22 ថៃ បានបញ្ចប់ការប្រកួត ៩០នាទី(២តង់) តែពុំមានការស៊ុតបំប៉ោងសំណាញ់ទីគ្នានោះទេ ដោយរក្សាលទ្ធផល០-០ ។
សម្រាប់ជំនួប ដណ្ដើមកៅអី វគ្គផ្ដាច់ព្រ័ត្ រពានរង្វាន់យុវជន ប្រចាំតំបន់អាស៊ាននេះ ទោះបីមិនមានរបូតគ្រាប់បាល់ក្ដី ប៉ុន្ដែក្រុមទាំងពីរ សុទ្ធតែធ្វើបានល្អរៀងៗខ្លួន ពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យក្រុមដំរីសឹកថៃ បុកពោះជាច្រើនលើក និងក្រុមថៃស៊ុតចំរបារទីដល់ទៅ៣លើកតែយ៉ាងណាការកាត់សេចក្ដីរកក្រុមឡើងវគ្គផ្ដាច់ ព្រ័ត្រ ក្នុងម៉ោងបន្ថែម១៥នាទី ២ដង មុនឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីខណកម្ពុជាទាត់ចូល៣គ្រាប់និងថៃទាត់ចូល៥គ្រាប់ពេញតែម្តង។
ក្រុម U22 ថៃត្រូវឡើងទៅប៉ះក្រុម U22 ឥណ្ឌូនេស៊ី ដែលបានឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រមុន បន្ទាប់ពីទម្លាក់ក្រុម U22 វៀតណាម ១-០ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈនេះ ដោយវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ៕


