លោក ឃឹម ចិត្រា មេប៉ូលីសច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត ប្រមូលលុយស្រង់ដើម គួរឲ្យញាក់សាច់ ?

, , Leave a comment

ក្រុងប់ោយប៉ែត ៖ សេចក្តីរាយការណ៍ បានអោយដឹងថា លោកវរសេនីយ៍ទោ ឃឹម ចិត្រា អត្ថលេខ១២២០៩ អតីតនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារតំបន់ជ្រៃធំ បានផ្ទេរមកធ្វើជា នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោក ស៊ឹម សំអាត មិនទាន់បាន ប៉ុន្មាន ថ្ងៃផង ស្រាប់តែផ្ទុះ រឿងអាស្រូវ ពុករលួយ ប្រើមន្ត្រីក្រោមបង្គាប់ ជំរឹតទារលុយ ពីប្រជាពលរដ្ឋ និងអ្នករកស៊ី ដឹកទំនិញ គួរឲ្យញាក់សាច់។

 

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា លោកវរសេនីយ៍ទោ ឃឹម ចិត្រា បានកំណត់ ឲ្យកូនចៅជំនិតៗ យកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ ៥០បាត គិតជា លុយថៃស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ត្រា លើបណ្ណព្រំដែន ចេញពីប្រទេស កម្ពុជាចូលទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ធ្វើលិខិតបញ្ជាក់ ១សន្លឹកតម្លៃ២០០បាតនឹង៥០០បាតផ្សេងទៀតសម្រាប់ថតកាតចូលប្រទេស ថៃ។ធ្វើលិខិតបញ្ជាក់១សន្លឹកតម្លៃ២០០បាតនឹង៤០០បាតផ្សេងទៀត សម្រាប់ ថតកាត ចូលទៅដីថៃ ចំពោះពលរដ្ឋ មកពីតាមបណ្ដាខេត្ត ក្រៅពីក្រុងប៉ោយប៉ែត។

 

ដោយឡែក មានការជំរឹត យកលុយ ៣០០បាត ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុបនៅ គល់ស្ពានមិត្តភាព កម្ពុជា-ថៃ។ ទារលុយពី អ្នករត់ម៉ូតូកង់៣ ម្នាក់ ៦០០បាត ក្នុង១ខែ។ ទារលុយ ពីអ្នកលក់ចំណីអាហារ តាមរទេះរុញ ម្នាក់ក្នុង ១ខែ ចាប់ពី ១៥០០-២០០០រហូតដល់៦០០០បាត ដែលការងារនេះ លោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ ជាអ្នកក្ដោប ប្រមូល សេដ្ឋកិច្ច យកទៅដាក់ ក្នុងប្រអប់ខ្មៅ ដើម្បីចែកគ្នា ធ្វើមានធ្វើបាន ផ្ទាល់ខ្លួន។

 

​បញ្ហា​នេះ​វា​បាន​លេច​ចេញមកក្រៅ​ល្បី​រន្ទឺ ​ធើ្វ​ឲ្យ​ប៉ះពាល់​កិត្តិយស ​ប្រមុខ​ដឹកនាំ​ជាខ្លាំង ​ក្នុងនោះ​មាន​ពលករ​ខ្លះ​ បាន​លើកឡើងថា​ លោកវរសេនីយ៍ទោ ឃឹម ចិត្រា មេនគរបាល​អន្តោប្រវេសន៍​ ច្រកអន្តរជាតិប៉ោយប៉ែត មិនបាន​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៍ ​​ប្រជាពលរដ្ឋ​នោះឡើយ​ គឺ​ពួកគេ​គិតតែ​ពី​រឿង​ប្រព្រឹត្ត​ពុករលួយ​ ធើ្វ​បាបចិត្ត ​ប្រជារាស្ត្រ​ក្រីក្រ​ តែប៉ុណ្ណោះ​។​

 

គេមិនដឹងថា តើលោកវរសេនីយ៍ទោ ឃឹម ចិត្រា មេប៉ូលីសច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយប៉ែត ទើបលើងថ្មី ប្រមូលលុយស្រង់ដើម  បានប៉ុន្មានម៉ឺនដុល្លារនោះទេ ក្នុង១ថ្ងៃៗ ក្នុងការកំណត់ ឲ្យកូនចៅជំនិតៗ យកប្រាក់ពីពលរដ្ឋ យ៉ាងអាណាធិបតេយ្យ តាមបែបពូករលួយខាងលើ ៕ កវី មានរឹទ្ឋ

 

 

 

Leave a Reply

(*) Required, Your email will not be published