មន្ដ្រីអាវុធហត្ថខេត្តកំពង់ធំ កោះហៅកូនប្រុស ទៅសួរនាំរឿង តុងទីនរបស់ឪពុកម្ដាយ ដែលបានស្លាប់ចោល ផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម Facebook

, , Leave a comment

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ធំ បានចេញលិខិតអញ្ជើញទៅយុវជន ហេង ដេវីដ អាយុ២១ឆ្នាំ ចូលទៅបំភ្លឺនៅការិយាល័យរបស់លោក វេលាម៉ោង៨កន្លះព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ ដើម្បីមកដោះស្រាយ ដំណើររឿងតុងទីន ដែលមានការពាក់ព័ន្ធ ជាមួយឈ្មោះ អ៊ីង សៀវហៀង អាយុ៤០ឆ្នាំ (ម្ដាយយុវជន) ដែលបានស្លាប់ដោយសារ ប្ដីបាញ់សម្លាប់ក្នុងករណីទាស់គ្នា រឿងប្រច័ណ្ឌ កាលពីយប់ថ្ងៃទី១៣ធ្នូឆ្នាំ២០១៨ កន្លង ទៅ នៅផ្ទះរបស់ខ្លួនក្នុងភូមិបាល្ល័ងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

 

ក្រោយមានលិខិតកោះអញ្ជើញ ហៅយុវជន ហេង ដេវីដ ទៅដោះស្រាយរឿងតុងទីន ម្ដាយដែលបានស្លាប់ចោលនោះ ត្រូវបានសាច់ញាតិរបស់ខ្លួនយកមកបង្ហោះ លើបណ្ដាញសង្គម Facebook ដោយចោទជាសំណួរថា «ជាបទល្មើសព្រហ្មទណ្ឌ និងតើកូនបានជាប់ពាក់ព័ន្ធយ៉ាងដូច្នេះ បើម្ដាយស្លាប់បាត់ទៅហើយ និងតើមានចែងក្នុងមាត្រាទីប៉ុន្មាន និងនៅក្នុងច្បាប់អ្វី?»។

 

ក្រោយពីការបង្ហោះនៅលើ Facebook ពីករណីអយុត្តិធម៌នេះ ស្រាប់តែអ្នកលេង Facebook បានចូលទៅខំមិន និងស៊ែររាប់ពាន់នាក់ ដោយរិះគន់ពេញទំហឹងទៅលើ មន្ដ្រីអាវុធហត្ថ ដោយម្នាក់ៗចាត់ទុកថា វាជារឿងអយុត្តិធម៌បំផុត ខណៈដែលម្ដាយឪពុករបស់ខ្លួនបានស្លាប់ បែរជាហៅកូនទៅសួរនាំ និងចង់ឲ្យសងថ្លៃតុងទីនយ៉ាងដូច្នេះ។សន្ទុះនៃការរិះគន់បានផ្ទុះឡើងកាន់តែខ្លាំង រហូតមានអន្ដរាគមន៍ ពីថ្នាក់ដឹកនាំពាក់ព័ន្ធ ក្នុងនោះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, អភិបាលខេត្តកំពង់ធំ លោក សុខ លូ, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អ៊ិត សុធា ព្រមទាំងការចុះផ្សាយព្រោងព្រៀត ពីអ្នកសារព័ត៌មាន ជាដើម។សម្រាប់ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្រោយពីទទួលបានករណីនេះភ្លាម លោកបានបញ្ជាឲ្យ មេបញ្ជាការអាវុធហត្ថ ពិនិត្យរឿងនេះជាបន្ទាន់ និងមានវិធានការណ៍ដោះស្រាយប្រកបដោយយុត្តិធម៌។ ដោយឡែក ទាំងអភិបាល ខេត្តកំពង់ធំ និងព្រះរាជអាជ្ញា ក៏បានបញ្ជាចំណាត់ការរបស់ខ្លួន ដោយមិនឲ្យមានការចោទប្រកាន់ណាមួយ តាមផ្លូវច្បាប់នោះឡើយ។

 

សាច់ញាតិរបស់យុវជន ហេង ដេវីដ ដែលបង្ហោះនៅលើ Facebook រៀបរាប់ពី រឿងអយុត្ដិធម៌នេះ បានប្រាប់អង្គភាពព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨នេះថា ប្អូនរបស់ខ្លួន ពិតជាត្រូវមន្ដ្រីអាវុធហត្ថ កោះហៅឲ្យទៅសងថ្លៃតុងទីន ដែលម្ដាយរបស់ខ្លួនបានលេងជំពាក់មេតុងទីនកាលនៅរស់។

មតិមួយចំនួនដែលបានដឹងករណីនេះបានទម្លាក់កំហុស និងរិះគន់យ៉ាងខ្លាំង ពីចំណាត់ការមន្ដ្រីអាវុធហត្ថ ជាពិសេសលោកអនុសេនីយ៍ឯក គន់ ឈុនលី មេបញ្ជាការរងអាវុធហត្ថក្រុងស្ទឹងសែន ទំនងប្រពន្ធរបស់ខ្លួន ឬសាច់ញាតិរបស់ខ្លួន ​ធ្វើមេតុងទីន ទើបមកឲ្យចេញចំណាត់ការរហ័ស និង​ខុសទំនងបែបនេះ។ បើទោះបីមិនបានគិតដល់ផ្លូវច្បាប់ តែក៏ត្រូវគិតអំពីមនុស្សធម៌ ដែលពួកគេត្រូវឪពុកម្ដាយស្លាប់ចោល យ៉ាងដូច្នេះ នេះចេះសំណាង ដែលបានទម្លាយរឿងនៅលើ Facebook រហូតមានអន្ដរាគមន៍ពីថ្នាក់ដឹកនាំ ចុះបើរឿងរ៉ាវទាំងនេះមិនត្រូវបានទម្លាយចេញនោះ តើពួកគេនឹងទទួល នូវភាពអយុត្តិធម៌ យ៉ាងដូចម្ដេចខ្លះ ដែលត្រូវរ៉ាបរង់សងថ្លៃតុងទីនជំនួសឪពុកម្ដាយ ដែលបានស្លាប់ ចោលបាត់ទៅហើយនោះ៕​

 

Leave a Reply

(*) Required, Your email will not be published