បែកធ្លាយ! អំពើពុករលួយ លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ប្រាស់កម្លាំងជនស៊ីវិល ដែលគ្មានក្របខ័ណ្ឌ ចុះប្រមូលលុយទីតាំងល្បែងកន្ទុយលេខ ភ្នាល់បាល់ទាត់ តាមរបៀបពុករលួយ

, , Leave a comment

រាជធានីភ្នំពេញ ៖ រឿងអាស្រូវ លោក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ត្រូវបានបែកធ្លាយ ជាសាធារណះហើយ ដើម្បីឲ្យ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដឹងឮនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។មានការលើកឡើងថាលោកទៀង ច័ន្ទសារ ត្រូវប៉ាន់ខ្លាំងណាស់តាមរយៈយកមនុស្សជំនិតនិងជនស៊ីវិលច្រើននាក់សម្រាប់ប្រមូលផលប្រយោជន៍ឲ្យខ្លួននោះគឺជារឿងដែល លោក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ។ បើមិនដូច្នេះទេលោក ទៀង ច័ន្ទសារ ប្រើអំណាចជាអធិការនគរបាលខណ្ឌដូនពេញ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតជាមិនខាន ហើយធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូលទៀតផង។

 

ប្រភពពី​ មន្ត្រីនគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​​ ទទួលបាន​តំណែង​ជា​អធិការនគរបាល​ខណ្ឌ​ដូនពេញ ​រួចមក គឺ​លោក ទៀង ច័ន្ទ​សារ បាន​ប្រើប្រាស់ ​កម្លាំង​ជន​ស៊ីវិល​ ដែល​គ្មាន​ក្របខ័ណ្ឌ ​​ជា​មន្ត្រីនគរបាល​ជាតិប្រមាណ​១០​នាក់​ ជំនួស​កម្លាំង​នគរបាល​មូលដ្ឋាន ​ដើម្បី​ប្រមូល​ផលប្រយោជន៍​ឲ្យ​ខ្លួន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជន​ស៊ីវិល​ទាំងនោះ ​ត្រូវបាន ​លោក ទៀង ច័ន្ទ​សារ ប្រើប្រាស់​សម្រាប់​ដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​ផ្សេងៗ​ដូចជា ទីតាំង​ល្បែង​កន្ទុយ លេខ ភ្នាល់​បាល់ទាត់ ហ្គេម​ច្រើន​ប្រភេទ​យ៉ាង​រលូន ​ព្រោះ​អាង​អំណាច​ខ្លួន​ ជា​អធិការនគរបាល​ខណ្ឌ​ដូនពេញ​។ តាម​ការ​បង្ហើប​ ពី​មន្ត្រីនគរបាល​ខណ្ឌដូន ពេញ មួយចំនួន​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ល្បែង​កន្ទុយលេខ ភ្នាល់​បាល់ទាត់ និង​ហាង​អ៊ី​ន​ធឺ​ណេ​ត ​បង្កប់​ល្បែងស៊ីសង ​ត្រូវ​បង់លុយ​ឲ្យ​លោក ទៀង ច័ន្ទ​សារ តាម​ការកំណត់​ហើយ​ក្រុមមនុស្ស​របស់លោក ទៀង ច័ន្ទ​សារ ធ្វើ​សកម្មភាព​ដើរ​ប្រមូល​ជាប្រចាំ​។

 

តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​មកកាន់​តំណែង​ជា​អធិការនគរបាល​ខណ្ឌ​ដូនពេញ គឺ​លោក ទៀង ច័ន្ទ​សារ គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ បក្ខពួកនិយម ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អធិការ រង​មួយចំនួន ​និង​មន្ត្រីនគរបាល​ ក្នុង​អធិការដ្ឋាន​នគរបាល ​ខណ្ឌដូនពេញ មិន​ហ៊ាន​តវ៉ា​ជាមួយ​លោក ទៀង ច័ន្ទ​សារ នោះទេ​ព្រោះ​លោក ទៀង ច័ន្ទ​សារ បាន​ប្រើ​ឈ្មោះ​មន្ត្រី​ធំៗ ​ក្នុង​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ ធ្វើជា​បង្អែក​យ៉ាងរឹងមាំ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​លោក ទៀង ច័ន្ទ​សារ ហ៊ាន​ប្រើប្រាស់​មនុស្ស​ជំនិត​របស់ខ្លួន​ និង​ក្រុម​សង្គម​ស៊ីវិល​ជាច្រើន​នាក់ ​ដើម្បី​ប្រមូល​ចំណូល​សម្រាប់​ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ជុំវិញ​បញ្ហា​នេះ​មន្ត្រីនគរបាល ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​អំពាវនាវ​ដល់​លោកស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញនិង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ទៀង ច័ន្ទ​សារ ឲ្យ​បាន​ទាន់ពេល​វេ​ល​៕

 

 

Leave a Reply

(*) Required, Your email will not be published