ខេត្តក្រចេះ ៖ ប្រភពពីមន្ត្រីនៅច្រកទ្វារ អន្តរជាតិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសច្រកនេះ កំពុងប្រើអំណាចប្រព្រឹត្ត អំពើពុករលួយ តាមច្រើនរូបភាព ដោយគ្មានញញើតអ្វីទាំងអស់។អំពើពុករលួយយ៉ាងគឃ្លើន របស់លោក កើត ដារ៉ាស៊ី គឺគាបយកលុយ ពីក្រុមឈ្មួញនាំចូលទំនិញ តាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ ដោយរាប់ក្បាលរថយន្តយកលុយ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ប្រការនេះកំពុងតែធ្វើឲ្យឈ្មួញធំៗ បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ព្រោះពួកគេនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវ ហើយបែរជាលោក កើត ដារ៉ាស៊ី ប្រើអំណាចគាបយក លុយ ពីពួកគេតាមរបៀបពុករលួយយ៉ាងកំរោល។
ប្រភពដែលស្និទ្ធនឹងលោក កើត ដារ៉ាស៊ី បានឲ្យដឹងថា ការដែលលោក កើត ដារ៉ាស៊ី ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសការប្រើតួនាទីដើម្បីប្រមូលលុយតាមរបៀបពុករលួយ គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ជាក់ស្ដែងក្នុងខណៈ ដែលលោក កើត ដារ៉ាស៊ី ប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង បែរជាលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សម្ងំស្ងៀមធ្វើមិនដឹង-មិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបលោក កើត ដារ៉ាស៊ី ព្រមទាំងបក្ខពួកកាន់តែបានចិត្តក្នុងការគាបយកលុយពីក្រុមឈ្មួញនាំចូលទំនិញតាមច្រកត្រពាំងស្រែហើយសូម្បីតែអាជីវករ ដែកដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតាមច្រកនេះ ក៏ត្រូវលោក កើត ដារ៉ាស៊ី គាបយកលុយយ៉ាងគឃ្លើនដែរ។ លោក កើត ដារ៉ាស៊ី តែងតែប្រើប្រាស់ឈ្មោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ទៅបិទបាំងអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងក្រអឺតក្រទម។
តាមការបង្ហើប ពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តក្រចេះ ក៏បានឲ្យដឹងដែរថាលោក កើត ដារ៉ាស៊ី មានសិទ្ធិអំណាចធំធេងជាងគេក្នុងការបើកបារ៉ាស់ឲ្យក្រុមឈ្មួញធំៗដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែទាំងយប់ទាំងថ្ងៃ។ប្រសិនបើគ្មានការ ឃុបឃិតបើកដៃ ពីសំណាក់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ ទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ-វ៉ាលឺ ក្នុងស្រុកស្នួលខេត្តក្រចេះបានឡើយ។សមត្ថកិច្ចពាក់ព័ន្ធបានលើកឡើងទៀត ថា ការដែលមេឈ្មួញ សឹង សំអុល មេឈ្មួញ តុប វីដា និងចែមុំ ហៅម៉ាប់ និងធីបាញ់ អាចដឹកជញ្ជូនឈើចេញទៅស្រុកយួន តាមច្រកត្រពាំងស្រែ យ៉ាងពេញបន្ទុកគឺលោក កើត ដារ៉ាស៊ី ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីបទល្មើសព្រៃឈើ។
មួយរយៈចុងក្រោយនេះលោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានបង្ហើបទៀតថាលោក កើត ដារ៉ាស៊ី គឺជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយឈ្មួញដែលនាំចូលទំនិញ ស្របច្បាប់ក៏ត្រូវលោក កើត ដារ៉ាស៊ី គាបយកលុយយ៉ាងគឃ្លើនដែរ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យមើលនិងចាត់វិធានការ ទប់ស្កាត់អំពើពុករលួយរបស់លោក កើត ដារ៉ាស៊ី មេនគរបាលអន្តោប្រវេសន៍ច្រកត្រពាំងស្រែ ៕


