លោក អ៊ុយ ហឿន និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅស្រុកស្នួល ខេត្តក្រចេះ កំពុងល្បីល្បាញខាងពុករលួយ

, , Leave a comment

លោក អ៊ុយ ហឿន មិន​ស្តាប់​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន ដែល​បានប្រកាស ​ឲ្យ​គ្រប់​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងអស់​ នៅតាម​ដងផ្លូវ ​ក្នុងប្រទេស​កម្ពុជា ចាត់វិធានការ​គ្រប់​ម្ចាស់​ ​រថយន្ត​ទាំងឡាយណា ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​ដែល​ច្បាប់​បានកំណត់ ដោយ​រើចេញ​។​

ខេត្តក្រចេះ ៖ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅស្រុកស្នួល ខេត្តក្រចេះ របស់លោក អ៊ុយ ហឿន  ដែលមាន​ទីតាំង​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ភូមិមាន ជ័យ ឃុំស្រែចារ ស្រុកស្នួល ​ខេត្តក្រចេះ មាន​តួនាទី​ត្រួតពិនិត្យ ផាកពិន័យ​លើ​រថយន្ត ​ដឹកជញ្ជូន​លើស​ទម្ងន់​ជាការ​បង្ការ​ទប់ស្កាត់ ​កុំ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ ដឹកជញ្ជូន​ទំនិញ​ បំផ្លាញ​ផ្លូវ​ស្ពាន​។

ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក អ៊ុយ ហឿន  មិនដែល​ឈឺក្បាល ​វិលមុខ​អ្វី​ឡើយ ចំពោះ ​ការដឹកជញ្ជូន​លើស​ទម្ងន់ ​ដូចដែល​ប្រជាពលរដ្ឋ​ បាន​រិះគន់ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ ស្រុកស្នួល ​​របស់លោក អ៊ុយ ហឿន គ្រាន់ តែ​ជា​ប៉ុស្តិ៍​ជជុះ​មួយ​ ក្នុង​ការប្រមូល​លុយ​ យកទៅ​ធ្វើ​មាន ធ្វើបាន ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ហើយ​លោក​អ៊ុយ ហឿន ​បាន​យក​អំណាច​បុណ្យ​សក្តិ​លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះមក​កាង​ និង​កៀបសង្កត់​ អ្នកបើកបរ​ឆ្លងកាត់​ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​។​ នៅពេល​បើកបរ ​រថយន្ត​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកស្នួល​ដែល​គ្រប់គ្រង​ដោយ​លោកអ៊ុយ ហឿន  ដែលមានមេកើយលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ជាខ្បងបង្អែក គឺ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​តូច​ទាំង​ធំ ទោះ ជា​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​ សុទ្ធតែ ​ត្រូវ​តម្រង់​ជួរ​គ្នា​ ហើយ​អ្នកបើកបរ​រថយន្ត ឬ​ព្រូ​រថយន្ត​ត្រូវ​កាន់​លុយ​យកទៅ​បង់​ជូន​មន្ត្រី​សាធារណ​ការដែល​ប្រចាំការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយ​សម្រាប់​ ឈ្មួញ​ធំៗ​ គេ​បាន​ ទំនាក់ទំនង​ ដោយផ្ទាល់​ ជាមួយ​លោក អ៊ុយ ហឿន  សម្រាប់​បង់លុយ​ដុំ​ ប្រចាំខែ​។ សម្រាប់​មន្ត្រី​សាធារណ​ការដែល​ប្រចាំការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកស្នួល ​នោះ​ធ្វើ​អ្វីៗ​តាមតែ​បទបញ្ជា​របស់លោក អ៊ុយ ហឿន  ដែលជា​មេ​កើយ​ប៉ុណ្ណោះ ហើយ​រាល់​ការបង់​លុយ​របស់​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ច្បាស់​ណាស់​ដែលថា វា​ហូរ​ចូល​តែ​ ហោប៉ៅ​ផ្ទាល់ខ្លួន​ របស់លោក អ៊ុយ ហឿន  និងលោក ស្រេង ស្រស់ មិន​បានជា​ប្រយោជន៍​នៃ​ចំណូល​ថវិកាជាតិ​នោះទេ ។​

អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ បាន​បង្ហើប​ឲ្យ​ដឹងថា នៅតាម​បណ្តា​ស្ថានីយ​ថ្លឹង​រថយន្ត​ដូចជា​នៅ​ចំណុច​ស្ថានីយ​ស្រុកស្នួល របស់លោក អ៊ុយ ហឿន គឺ​គេ​កំណត់​ឲ្យ​បង់លុយ​ ក្នុង​មួយគ្រឿង ​ចាប់ពី​១០​ម៉ឺន ​ទៅ​២២​ម៉ឺន​រៀល នេះ​សម្រាប់ តែ​រថយន្ត​ ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្នុងករណី​ដឹក​លើស​ទម្ងន់​ច្រើន​លើសលប់​ហើយ​មិនមាន​ការទំនាក់ទំនង​ជាមួយ​លោកអ៊ុយ ហឿន ដោយ ផ្ទាល់​ទេនោះ ត្រូវគេ​ចាប់​ថ្លឹង​រថយន្ត​ ហើយ​ធ្វើការ​ផាកពិន័យ​ដោយ​អួតអាង ពី​ការអនុវត្ត​ច្បាប់​ដែល​ក្នុង​រថយន្ត​ខ្លះ​ត្រូវ​បង់ប្រាក់​ដល់​ទៅ​១​ពាន់​ឬ​២​ពាន់​ដុល្លារ​អាមេរិក​ក៏មាន ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ប្រាក់​ពិន័យ​បែបនេះ​ត្រូវ​បង់​ចូល​ជា​ថវិកាជាតិ ឬក៏​យ៉ាងណា​នោះទេ ព្រោះ​ពេល​បង់លុយ​នោះ​មានតែ​កិច្ចសន្យា​មួយ​ស្តីពី​ការឈប់​ដឹក​លើស​ទម្ងន់​តទៅទៀត​។

​ដូច្នេះលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេព្រោះអីលោក អ៊ុយ ហឿន ឡើងកាន់តំណែងជាប្រធាន ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកស្នួល តាមជើងខោរ លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ មួយរយៈពេលខ្លីសោះ ក៏ចាប់ផ្ដើមប្រើតួនាទី និងអំណាច ប្រមូលលុយ តាមរបៀបពុករលួយយ៉ាគឃ្លើន។

 

Leave a Reply

(*) Required, Your email will not be published