ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៤ ល្ងាច ថ្ងៃទី០៨ តុលា ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងរថយន្តឡិចស៊ីសពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-6417 បើកបរដោយឈ្មោះ ស៊ីម ស៊ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកបរក្នុងទិសដៅ ពីជើងទៅត្បូង។ ដោយបានរេចង្កូតទៅឆ្លងផ្លូវ ចូលទៅម្ខាងទៀត បុកជាមួយ នឹងរថយន្តធុនធំ ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ សៀមរាប 3A-2455 បើកបរដោយឈ្មោះ គិន វ៉ាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្នុងទិសដៅពីត្បូងទៅជើង ដោយបានបុកគ្នាលាន់ដូចរន្ទះ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យស្លាប់មនុស្សដែលជិះលើរថយន្តឡិចស៊ីស ចំនួន០៣នាក់ ១-ឈ្មោះ ហង់ សារ៉េត ភេទស្រី អាយុ៤៥ឆ្នាំ (ប្រពន្ធអ្នកបើកបរ) ២-ស៊ីម វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ (ជាកូន) ៣-ស៊ីម កុសល ភេទប្រុស អាយុ១៨ឆ្នាំ(កូន)។ ចំណែកអ្នករងរបួសមាន០២នាក់ ១-អ្នកបើកបររថយន្តឡិចស៊ីស ត្រូវស្រាល ២-តន់ ចាន់តូ ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាក្មួយអ្នកបើកបរ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា «អ្នករថយន្តឡិចស៊ីស កំពុងតែបើកនៅលើដងផ្លូវជាតិលេខ៦ ស្រាប់តែមានម៉ូតូ០១គ្រឿងបានជិះឆ្លងពីខាងមុខត្រង់ផ្លូវបំបែក ជាបួនស្របពេលដែលរថយន្តបានប្រឹងគេចក៏ចូលរថយន្តធំលាន់ជាខ្លាំងដោយបានផ្ទុះពោងសុវត្ថិភាព ហើយរថយន្តរងការខូចខាតជាដំណំបណ្តាលឲ្យស្លាប់ភ្លាមៗដល់ទៅ០៣នាក់»។ វត្ថុតាងទាំង០២ករណី ត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕



