មូលហេតុ​នៃ​ការ​កោសខ្យល់​ញឹកញាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : បច្ចុប្បន្ននេះ​យើង​សង្កេតឃើញថា មុខរបរ​នៃ​ការរកស៊ី​កោសខ្យល់​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​តែម្តង​។ អាការ​វិលមុខ អស់កម្លាំង ចង់​ក្អួតចង្អោរ និង​អាការ​ផ្សេងទៀត​ដែល​ទាមទារ​ឱ្យ​លោកអ្នក​ត្រូវតែ​ធ្វើការ​កោសខ្យល់​ទើប​បាត់ ប៉ុន្តែ​លោកអ្នក​មួយចំនួន​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា ការ​កោសខ្យល់​នេះ អាច​ប្រឈម​ទៅនឹង​បញ្ហា​អ្វីខ្លះ ឬក៏​មាន​មូល​ហេតុអ្វី​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​នោះទេ​?

 

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុ​បុត្រា អ្នកឯកទេស​វិកល​វិទ្យា​នៃ​គ្លីនិក​សាន់​រ៉ា​យ បាន​បកស្រាយ​ប្រាប់​ឱ្យដឹងថា ពាក្យ​ថា កោសខ្យល់​គឺជា​ទំនៀមទម្លាប់​របស់​ប្រពៃណី​ខ្មែរ​យើង​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ ដោយ​យើង​ឃើញថា ប្រជាជន​ខ្មែរ​តែងតែ​ធ្វើការ​កោសខ្យល់​នៅពេលដែល​ពួកគាត់​មាន​បញ្ហា​មិន​ស្រួល​នៅក្នុង​រាងកាយ​របស់គាត់​ដូចជា​វិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់​ក្អួតចង្អោរ ងងឹតមុខ ចុកពោះ ដោយសារតែ​ខ្យល់​ដើរ​មិន​ស្រួល ឬក៏​កោសខ្យល់​នៅពេលដែល​ស្រវឹង​ជោកជាំ​ជាដើម​។​

 

​ប៉ុន្តែ​បើសិនជា​អាការ​នេះ​ចេះតែ​មិន​ស្រួល​ជា​ញឹកញាប់ ហើយ​ការ​កោសខ្យល់​នេះ​ក៏​តែងតែ​ធ្វើជា​ប្រចាំ​ដែល​នោះ វា​មិនមែនជា​រឿង​ល្អ​សម្រាប់​លោកអ្នក​ទេ បើសិនជា​យើង​និយាយ​ទៅដល់​រាងកាយ​មិន​ស្រួល​នេះ ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់​នេះ​វា​អាចមាន​ជាប់​ទាក់ទិន​ទៅនឹង​ជំងឺផ្លូវចិត្ត​មួយចំនួន​ផងដែរ ។ ក្នុងនាម​ខ្ញុំ​ជា​អ្នកឯកទេស​វិកល​វិទ្យា​នៅក្នុង​ប្រភេទ​នៃ​ជំងឺ​ថប់​អារម្មណ៍ អ្នកជំងឺ​អាចមាន​អាការ​អស់កម្លាំង ចុក​ដៃ​ចុក​ជើង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល បន្ទាប់ពី​នោះមក​គាត់​ក៏​ធ្វើការ​កោសខ្យល់ ហើយ​បន្ទាប់ពី​កោសខ្យល់​អាការ​ទាំងអស់នេះ​វា​នឹង​បាត់​ទៅវិញ ប៉ុន្តែ​មិនយូរ​មិនឆាប់ អាការ​ទាំងនេះ​វា​នឹង​កើតឡើង​ម្តងទៀត ដែល​ធ្វើឱ្យ​គាត់​បន្ត​ការ​កោសខ្យល់​សារជាថ្មី ។ ដូច្នេះ​ការ​កោសខ្យល់​នេះ វា​គ្រាន់តែ​ជា​របៀប ឬក៏​វិធី​ដែល​យើង​ព្យាបាល​តាមបែប​បុរាណ​ប៉ុណ្ណោះ ដោយ​បុគ្គល​ខ្លះ​នោះ​នៅក្នុង​មួយ​សប្តាហ៍​ធ្វើការ​កោសខ្យល់​២ ទៅ​៣​ដង​ឯណោះ​។​

 

​យើង​សង្កេតឃើញថា ការ​កោសខ្យល់​មិន​ត្រឹម​តែមាន​ប្រចាំ​នៅផ្ទះ ឬ​គ្រួសារ​នោះទេ សូម្បីតែ​នៅតាម​ដង​វិថី​នីមួយៗ​មុខរបរ​រកស៊ី​កោសខ្យល់​ក៏មាន​ច្រើន​ណាស់ដែរ​។

 

​ទាំងនេះ​ដោយសារតែ​លោកអ្នក​មិនទាន់បាន​សិក្សា ឬក៏​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​អំពី​បញ្ហា​នៃ​ការ​កោសខ្យល់​នេះ​នៅឡើយ​។ ដោយ​យោងតាម​ឯកសារ​តាម​ការសិក្សា​ដែលមាន​នៅ​ប​ច្ចិ​ម​ប្រទេស​យើង​ឃើញថា អា​ការដែល​បណ្តាលឱ្យ​លោកអ្នក​ឈានទៅដល់​ការ​កោសខ្យល់​នេះ គឺ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ជំងឺ​ថប់​អារម្មណ៍​ដែល​ភាគច្រើន អ្នក​ដែល​មកជួប​ជាមួយ​ខ្ញុំ​សុទ្ធតែជា​មនុស្ស​ដែល​ឧស្សាហ៍​កោសខ្យល់​ញឹកញាប់ ប៉ុន្តែ​នៅពេលដែល​ទទួល​បានកា​រ​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​នេះហើយ ការ​កោសខ្យល់​នោះ​ក៏​លែងមាន​ទៀត​ដែរ​។ ដូច្នេះហើយ​យើង​អាច​សន្និដ្ឋានបានថា ការ​កោសខ្យល់​ញឹកញាប់​កើតឡើង​ដោយសារតែ​លោកអ្នក​មាន​ជំងឺ​ថប់​អារម្មណ៍​។​

 

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀត​ថា ការ​កោសខ្យល់​ពិតជា​បានធ្វើឱ្យ​លោកអ្នក​បាន​ធូរស្បើយ​ពិតមែន ប៉ុន្តែ​វា​ក៏បាន​ផ្តល់នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ បើសិនជា​លោកអ្នក​ធ្វើការ​កោសខ្យល់​ញឹកញាប់​នោះ ហើយ​ផលប៉ះពាល់​ទាំងនេះ​មានដូចជា កាលណា​ដែល​យើង​ធ្វើការ​កោសខ្យល់​ញឹកញាប់​ពេក អាចធ្វើឱ្យ​បែក​គ្រាប់​ឈាន​ពេញ​ខ្នង ជួន​ការ​បើសិនជា​លោកអ្នក​ធ្វើការ​កោសខ្យល់​នៅ​ត្រឹង​ក​ញ្ចឹ​ង​.​ក​ក៏​អាចធ្វើ​ដាច់​សរសៃឈាម ដែលជា​ហេតុ​អាចធ្វើឱ្យ​លោកអ្នក​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ ដែល​ពេលខ្លះ​នោះ​យើង​ឃើញថា អ្នក​ដែល​ស្រវឹងស្រា​មួយចំនួន បន្ទាប់ពី​ធ្វើការ​កោសខ្យល់​ហើយ​ដេកស្លាប់​ដោយ​ឯងៗ​ក៏មានដែរ ដូច្នេះហើយ​លោកអ្នក​តែ​រក​ដំណោះស្រាយ​ដើម្បី​កុំឱ្យ​កើតមាន​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​ដោយសារតែ​កោសខ្យល់​នេះ ដោយ​លោកអ្នក​ត្រូវតែ​មកជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត​វិទ្យា​នៅពេល​ដែលមាន​អាការ​កោសខ្យល់​ញឹកញាប់ ឬក៏​ធ្វើការ​លំ​ហាត់ប្រាណ​នៅ​ឱ្យបាន​ញឹកញាប់​ជាដើម​។​

​លោកអ្នក​ត្រូវតែ​ប្តូរ​ពី​ការ​កោសខ្យល់​ជាការ​ម៉ាស្សា​វិញ ហើយ​បើសិនជា​ស្រវឹង​រហូត​ដ៏​ជោកជាំ​នោះ​លោកអ្នក​ត្រូវតែ​ធ្វើការ​ម៉ាស្សា ឬ​ផឹកទឹក​ក្តៅ​ឧណ្ណៗ ឬ​ទឹក​ក្រូចឆ្មា​ជាដើម ប៉ុន្តែ​បើសិនជា​ការអនុវត្តន៍​តាម​ការណែនាំ​ទាំងនេះ ហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀត​នោះ លោកអ្នក​នាង​កញ្ញា​ត្រូវតែ​ប្រញាប់​មកជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត​វិទ្យា​ដើម្បី​ធ្វើការ​ព្យាបាល​តាមបែប​ជំនាញ​របស់​គ្រូពេទ្យ​ម្តងវិញ​៕

 

Leave a Reply

(*) Required, Your email will not be published