ខេត្តរតនគិរី ៖ សេចក្តីរាយកាណ៍ប្រាប់ថា រថយន្តដឹកឈើ មេឈ្មួញឈ្មោះ នី កាចាញ ប្រើស្បែកមេប៉េអឹមខេត្តរតនគីរី ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានក្រឡាប់ស្លាប់មនុស្សម្នាក់ គួរឲ្យញាក់សាច់ កាលពីវេលាម៉ោង៤កន្លះព្រឹក ថ្ងៃទី៥ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិណងឡិ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ។
ប្រភពប្រាប់ថា កាលពីវេលាខាងលើ មានរថយន្តម៉ាកសាំយ៉ុង ដឹកឈើប្រណិតពេញរថយន្តបើកបរក្នុងល្បឿនលឿនសង្ស័យបើកគេច ពីសមត្ថកិច្ចជជុះតាម ដងផ្លូវ ចេញ មកពីភូមិសាស្ត្រស្រុកអូរជុំ ទិសដៅឆ្ពោះទៅស្រុកយួន ដោយបើកឆ្លងកាត់ ក្រុងបានលុង ចេញតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មកដល់ចំណុចភូមិណងឡិ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី បានក្រឡាប់ គួរឲ្យញាក់សាច់ បណ្តាលអោយព្រូឡានជាជនរងគ្រោះ ឈ្មោះ វ៉ាំង សេត អាយុ ២១ឆ្នាំ មាន ស្រុកកំណើត នៅខេត្តព្រៃវែង មកធ្វើកម្មករ ជាព្រូឡាន ដឹកឈើខុសច្បាប់ អោយឈ្មួញឈ្មោះ នីកាចាញ ស្លាប់យ៉ាងអាណោចអាធម ។
ប្រភពពី សមត្ថកិច្ចប្រចាំការផ្លូវជាតិលេខ៧៨ ដែលមិនទទួល ផលប្រយោជន៍ ពីជំនួញឈើខាងលើបានបង្ហើបប្រាប់ថាក្បួនរថយន្តសាំយុងរហ័សនាម០៨០៨ នេះមានឈ្មោះថៅកែនី ឬ នីកាចាញ មានទីលំនៅភូមិកាចាញសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ជារៀងរាល់ថ្ងៃរាល់យប់ គេសង្កេតឃើញ ដឹកជញ្ជូនឈើ តាមរថយន្តសាំយុង ប្រមាណ១០ទៅ២០គ្រឿងដឹកឈើកក្រើកដីឆ្ពោះទៅវៀតណាម ប៉ុន្តែសមត្ថកិច្ច មិនបង្ក្រាបទេព្រោះតែមេឈ្មួញរូបនេះយកឈ្មោះថ្នាក់ដឹកនាំខេត្ត ឬមេប៉េអឹម ខេត្ត មកកាង ។
ប្រភព បានឲ្យដឹងបន្តទៀតថា លោក កែប កត់ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក អ៊ី ចំរើន នាយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអូរ យ៉ាដាវ គឺជាអ្នកឃុបឃិត បើកដៃ ឲ្យឈ្មួញ ដឹកជញ្ជូនឈើ ចេញទៅ វៀតណាម តាមច្រកនេះ យ៉ាងរាលដាល ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ព្រោះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺជាសមត្ថកិច្ចជំនាញនិងលោក អ៊ី ចំរើន គឺជាអ្នក បើក ប៉ារ៉ាស់ ឲ្យឈ្មួញ ដឹកជញ្ជូនឈើ ចេញទៅ វៀតណាម ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ។
ហើយគេមិនដឹងច្បាស់ថា លោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី មានពាក់ពន្ឋ័ ស៊ីជម្រៅបែបណា ជាមួយមេឈ្មួញ ជួញឈើខុសច្បាប់ ឈ្មោះ នីកាចាញ ដែលដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងអាណាធិបតេយ្យ នោះឡើយ៕ ដោយ ឪ ធំ

