សម្ដេច ស ខេង ព្រមាន លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី ឲ្យចេះការពារព្រៃឈើ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានព្រមានទៅលោក ស្វាយ សំអៀង អភិបាល ខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើ ទៅលក់នៅប្រទេសជិតខាងដោយរលូន។

សម្តេច ស ខង មានប្រសាសន៍លើកឡើងខាងលើនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃអាទិត្យ ទី២៣ខែកញ្ញាឆ្នាំ២០១៨ម្សិលមិញ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។ សម្តេច ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ដថា រហូតដល់ពេលនេះ ការប្រមូលឈើនៅតំបន់ បាតអាងខេត្តស្ទឹងត្រែង ប្រមូលលែងបានហើយ ខណៈបាតអាងមានទឹកជ្រៅជាង៧០ម៉ែត្រ។ សម្ដេចថា មានជនខិលខូច មួយចំនួនបានយកលេសថា ទៅសំអាតបាតអាងប៉ុន្ដែផ្ទុយទៅវិញនាំគ្នាទៅកាប់ព្រៃឈើនៅតំបន់ផ្សេងៗហើយ យកមកដាក់លាក់នៅបាតអាង ស្របពេលវារីអគ្គិសនី បានសាងសងរួចរាល់ផងដែរ។

កាលពីពេលកន្លងមក ទីកន្លែងតំបន់ អូរហ៊ុច បានកើតករណី ជួញដូរបទល្មើសឈើប្រណិតជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរី ដូចសម្លកំពឹស។ មិនតែប៉ុណ្ណោះ អូរហ៊ុច ក៏ជាកន្លែងកកើតបទល្មើសព្រៃឈើមិនចេះរីងស្ងួតផងដែរ រហូតដល់ក្រុមអ្នកពាក់ព័ន្ធ បទល្មើសព្រៃឈើ ហ៊ានសម្លាប់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានឲ្យបាត់បង់ជីវិតចំនួន ២នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។

ទោះបីចំណុចដ៏រសើបខាងលើ មានបទល្មើសព្រៃឈើ ដែលកន្លងមកធ្លាប់មានការបង្ក្រាប របស់គណៈកម្មការថ្នាក់ជាតិម្ដងមកហើយក្តី។ ប៉ុន្តែពេលនេះ នៅតែមានបទល្មើសព្រៃឈើ កើតមានជាដដែល។

បច្ចុប្បន្ន ក្រុមឈ្មួញបានប្រើរូបភាព របៀបក្រពើបណ្តែតទឹក ( ឈើដាក់បណ្តែត ក្រោមទូក ) ពេលខ្លះ ឈ្មួញ យកឈើទម្លាក់ចូលក្នុងអូរ ហើយចងជាមួយប្ញស្សី ធ្វើជាក្បូន ដោយមានទូករបស់ឈ្មួញវៀតណាម ចាំសណ្តោងឆ្លងទៅប្រទេសវៀតណាមដោយរលូននិងពុំមានការរំខានដល់មន្ត្រីជំនាញកម្ពុជាដែល ឈរជើង នៅចំណុចទាំងនោះឡើយ។

ប្រភពឲ្យដឹងថា បទឈ្មើសព្រៃឈើ ដែលគេកំពុងលួចធ្វើសកម្មភាពទាំងនោះ រួមមាន នៅចំណុច បាយហន ចំណុចថ្មបីដុំ ចំណុចអូរកិល ចំណុចក្បាល អូរកិល និងអន្លួងស្រួយ។ ទីតាំងទាំង ៥ ចំណុចខាងលើ គ្រប់គ្រងដោយលោក យ៉ាត សុជា ដែលជាមនុស្សជំនិតរបស់លោកឡេងសុភាន់មេបញ្ជាការ វរៈ៦២១។

អ្នកពាក់ព័ន្ធករណីជួញដូរឈើឆ្លងដែន នៅខេត្តមណ្ឌលគិរី ទៅក្រៅប្រទេស នៅចំណុចខាងលើនេះ ត្រូវបានឲ្យ ដឹងថា ជាប់ពាក់ព័ន្ធ និងមេវរៈការពារព្រំ ដែនគោកលេខ ៦២១ ឈ្មោះ ឡេង សោភ័ណ- លោក សា ផល្លា និងលោក យ៉ាត សុខជា ដែលសុទ្ធសឹងជាមន្ដ្រីនគបាលឈរជើងនៅទីនោះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបន្តថា បច្ចុប្បន្ន ឈ្មួញឈើទាំងនោះ មានក្បូនចំនួន ៥០ និងទូកចំនួន ១០ ហើយក្នុងទូក ១ គ្រឿង អូសបាន ៣ ក្បូន។

ដោយឡែក ខាងលោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា បានទទួលស្គាល់ថា ពិតជាមានករណីជនល្មើស លួចប្រព្រឹត្តបទល្មើសព្រៃឈើ នៅចំណុចខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ពិតប្រាកដមែន។

ប្រភពបានឲ្យដឹងទៀតថា លោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ យាយម៉ាប់ និងឈ្មួញដទៃទៀតបើក រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងនៅក្នុងឃុំពូជ្រៅ ស្រុកពេជ្រាដា គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ដែលល្បីល្បាញខាងពុករលួយ។

ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកកែវសីមា និងស្រុកពេជ្រាដាខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ជាបន្ទាន់។

ហើយករណីបទល្មើសខាងលើ វាជារឿង ដែល លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី ក្នុងនាមជាប្រធានគណះកម្មការបញ្ជាការឯកភាពថ្នាក់ខេត្ត មិនរវល់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យ ក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើ ទៅលក់នៅប្រទេសជិតខាងដោយរលូន សមល្មម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ព្រមានក្នុង  នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃអាទិត្យ ទី២៣ខែកញ្ញាឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង៕

 

 

Leave a Reply

(*) Required, Your email will not be published