រាជធានីភ្នំពេញ ៖ យោងតាមបណ្ដាញសារព័ត៌មានអេឡិចត្រូនិចបានផ្សាយថា ប្រហែល១ខែចុងក្រោយមកនេះ មានក្រុមមន្ត្រីដែលចាំទាញយកផលប្រយោជន៍ និងឈ្មួញរកស៊ីឈើធំៗ បានកំពុងតែឃុបឃិតគ្នាធ្វើយ៉ាងណា(ក្រូម៉េ)របាយការណ៍ដើម្បីឲ្យ រាជរដ្ឋាភិបាលផ្ដល់ច្បាប់អនុញាត្ត (PC) ឲ្យមានការនាំឈើចេញពីតំបន់ទំនប់វារីអគ្គិសនី សេសានក្រោម២ រស់ឡើងវិញ អ្វីដែលគេអះអាងថា ឈើនៅសល់ក្នុងស្តុក មុនរាជរដ្ឋាភិបាល បិទច្បាប់អនុញាត្ត ដឹកជញ្ជូនចេញបណ្ដោះអាសន្ន តាំងពីចុងខែកុម្ភៈ ឆ្នាំ២០១៨រហូតមក។
យោងតាមប្រភពបានបន្ថែមថាកាលពាក់កណ្ដាលខែសីហាកន្លងទៅនេះ ឈ្មួញ និងមន្ត្រី ដែលទទួលបានប្រយោជន៍ពីបទល្មើសព្រៃឈើនេះ បានឃុបឃិតគ្នាធ្វើរបាយការណ៍មួយរាយការណ៍ទៅក្រសួងកសិកម្ម ធ្វើរបាយការណ៍ស្នើទៅរាជរដ្ឋាភិបាល ផ្ដល់ច្បាប់អនុញាត្តឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិស្ដារបាតអាងវារីអគ្គិសនីសេសានក្រោម២ មានសិទ្ធិដឹកជញ្ជូនឈើដែលស្ថិតនៅក្នុងស្តុកទាំងឈើបង់សូយសារហើយ និងមិនទាន់បង់ចេញដូចដើមវិញ។
ក្នុងនោះយោងតាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើ រាយការណ៍ជូនគណៈកម្មការ ចុះពិនិត្យជាង់ស្ដែងលើការ ចំណាយក្នុងសម្អាតអាងស្តុកទឹកគម្រោង វារីអគ្គិសនី សេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលចេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក អ៊ុង សំអាត បានអះអាងថាឈើដែល បង់សូយសារ និងបុព្ធលាភ រួចនៅសល់ក្នុងស្តុក មានឈើជ្រុងប្រណីត១៥១,១២៣ម៉ែត្រគួប .ឈើអារសរុប៣,៩៧៣,០៤១ម៉ែត្រគូប និងឈើមិនទាន់បង់សូយសារ និងបុព្ធលាភ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ មានឈើហ៊ុបមូលចំនួន២០,៥៩១,១៤២ម៉ែត្រគូប និងឈើជ្រុងចំនួន៤,២០៩,១១៨ម៉ែត្រគួប។ ដូច្នេះតាមការប៉ាន់ស្មាន ឈើរបស់ក្រុមហ៊ុនស្ដារបាតអាង ដែលស្ថិតនៅក្នុងស្តុក មិនទាន់ដឹកចេញមានចំនួនជិត៣ម៉ឺនម៉ែត្រគួបឯណោះ។
គេមិនដឹងថាតួលេខនេះ ជាតួលេខពិតឬតួលេខបំប៉ោងនោះទេ តែសម្រាប់អ្នកដឹករឿងបានលួចបង្ហើបឲ្យដឹងថា ឈើនៅសល់ក្នុងស្តុក ដូចមិនច្រើនម្លឹងទេ ខ្លាចតែគេបំប៉ោងតួលេខដើម្បី ពេលបានច្បាប់ដឹកចេញ គេឃុបឃិតគ្នាកាប់ឈើ ពីខាងក្រៅបាតអាងដឹកចូល ដើម្បីបន្លំដឹកចេញនោះទេ ព្រោះបច្ចុប្បន្ននេះ ឮថាខណះមានអ្នកកំពុងរត់ការដុតដៃដុតជើង ដើម្បីឲ្យរាជរដ្ឋាភិបាល ផ្ដល់ច្បាប់អនុញាត្ត បានដឹកឈើចេញពីបាតអាង ឡើងវិញ ក៍មានក្រុមមេការ ក្រុមហ៊ុននិងសមត្ថកិច្ច ដែលមានផលប្រយោជន៍ មួយចំនួន ក៍កំពុងរត់ការទៅសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរដែលដី និងសមត្ថកិច្ចដែនដី និងមាត់ច្រកទ្វារព្រំដែន ដែលរថយន្តដឹកឈើត្រូវ បើកឆ្លងកាត់បណ្ដើរហើយដែរ ព្រោះពួកគេសង្ឃឹមថា របាយការណ៍(ក្រូម៉េ) សុំនាំឈើចេញពីបាតអាងនេះ នឹងដំណើររលូនជាក់ជាមិនខានឡើយ។
មន្ត្រីតូចតាចបាននាំគ្នាខ្សឹបថា បើមិនចង់ឲ្យព្រៃឈើ នៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រលាយហិនហោចទេ រាជរដ្ឋា ភិបាល គួរតែពិនិត្យឲ្យបានច្បាស់លាស់ ហើយយកល្អគួតែបិទឲ្យជិតតែម្ដង ក៏ជាការល្អដែរ ព្រោះខ្មោចងាប់បាត់ទៅហើយ មិនគួរនាំគ្នាគាស់ខ្មោចយកមកហិត និងបង្កក្លិនស្អុយដល់គេឯងទៀតនោះទេ។ អង្គភាពសារព័ត៌មានកំណើតថ្មី នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុនស្ដារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២នៅឡើយទេនារសៀលថ្ងៃ២០កញ្ញានេះ។
សរុបជារួមក្រុមហ៊ុនដែលមានសិទ្ធិ ស្ដារបាតអាង ទំនប់វារីអគ្គិសនី សេសានក្រោម២ ដែលរដ្ឋាភិបាល បានសម្រេចផ្អាកនោះ អាចនឹងរស់ឡើងវិញ នៅក្នុងអាណត្តិទី៦នេះ ទំនងមានការឃិតឃិតគ្នា ជាប្រព័ន្ធ ដើម្បីដឹកជញ្ជូនឈើ និងប្រមូលឈើ នៅសល់ក្នុងក្រុមហ៊ុន៕
