ជន​អន្ធពាល បញ្ជូន​មកពី​អាមេរិក ត្រូវ​ចាប់ខ្លួន​នៅ​ខ្មែរ ក្រោយ​ចាប់​បង្ខាំង​សង្សារ ធ្វើ​ទារុណកម្ម​ផ្លូវភេទ និង​គំរាម​សម្លាប់ នៅ​ភ្នំពេញ

, , Leave a comment

រាជធានី​ភ្នំពេញ ៖  នៅ​ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយា ល័យ​ ស្រាវជ្រាវ​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ១នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធីពាក់ព័ន្ធ​ករណី​ហិង្សា​គំរាម​សម្លាប់ បង្ខាំង​ទុកនិងអំពើ​ទារុណកម្ម។ ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅ​សេម ភេទ​ប្រុស អាយុ ៣៩ឆ្នាំ ធ្លាប់ជា​អណិកជន​រស់នៅ​សហរដ្ឋអាមេរិក អាច​ចាត់ទុកថា ជា​ជន​កំណាច​ឃោរឃៅ​ម្នាក់​នៅ​កម្ពុជា ប្រចាំឆ្នាំ២០១៨ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត ដោយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញស្រាវជ្រាវ​ឃើញថា ជននេះ​មានមុខរ​បរជា​គ្រូបង្រៀន​ លំ​ហាត់ប្រាណ នៅក្នុង​ក្លឹប​ស៊ុប​ភឺ​ហ្វី​ត បាន​ប្រព្រឹត្ត​អំពើ បង្ខាំង​ទុក​នារី​ម្នាក់ ប្រើ​អំពើហិង្សា និង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ លើ​ជនរងគ្រោះ ឈ្មោះ ម.ហ ភេទ​ស្រី អាយុ២២ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី២ ព្រមទាំង​បាន​ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ​របស់​ជនរង គ្រោះ ប្រើពាក្យ​សំដី​មិន​សមរម្យ ប៉ះពាល់​ដល់​កិត្តិយស​ជនរងគ្រោះ និងគំរាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។

 

ជនសង្ស័យ បានសារភាពឲ្យដឹងថា រូបខ្លួន និងជនរងគ្រោះ បានស្គាល់គ្នារយៈពេល១ឆ្នាំមកហើយ ពួកគេទាំង២នាក់ ស្គាល់ដំបូង គឺជនរងគ្រោះ តែងមកហាត់ប្រាណ នៅក្នុងក្លឹបស៊ុបភឺហ្វីត រាល់ថ្ងៃ ហើយខ្លួនជា គ្រូបង្រៀនលំហាត់ប្រាណ នៅទីនោះ ។ ក្រោយពេលពួកគេទាំង២នាក់ ស្គាល់គ្នាបានប្រហែល ៣ សប្តាហ៍ ពួកគេទាំង២នាក់ បានស្រឡាញ់គ្នាជាសង្សារ ហើយតែងតែទូរស័ព្ទណាត់ជួបគ្នាដើម្បីរូមភេទជាញឹកញាប់ក្នុង១សប្តាហ៍២ទៅ៣ដងហើយក្នុងពេល រួមភេទម្តងៗ ជនសង្ស័យខាងលើ តែងតែ ថតជាវីដេអូទុកផងដែរ។ លើកដំបូងពួកគេរួមភេទជាមួយគ្នាក្នុងផ្ទះសំណាក់ម្តុំផ្សារសុវណ្ណា ហើយក្រោយៗមក ទៀត ពួកគេបានជួលបន្ទប់ខុនដូ មួយឈ្មោះ MHM បន្ទប់លេខ១៦៤ សង្កាត់ ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីណាត់ជួបគ្នារួមភេទ។

 

តាមការបញ្ជាក់របស់នារីរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបនាងពិតជាបានស្រឡាញ់ជនសង្ស័យ ជាសង្សារខ្លាំងណាស់ តែរយៈកាលក្រោយៗមក រូបនាងបែរជាមានការភ័យខ្លាចជាខ្លាំង ព្រោះតែជនសង្ស័យ ហាក់ដូចជាមនុស្សរោគចិត្ត ដ្បិតពេលរួមភេទជាមួយគ្នាម្តងៗ ជនសង្ស័យមិនត្រឹមតែថតវីដេអូទុកប៉ុណ្ណោះទេ រូបគេ(ជនសង្ស័យ) ថែមទាំងប្រើទារុណកម្មឃោរឃៅ ក្នុងពេលរួមភេទ ដូចជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួលកដៃ និងវ៉ៃបែកមាត់ លើរូបនាងជាញឹកញាប់ រហូតដល់នាងបែកចិត្តទៅភ្ជាប់ពាក្យជាមួយអ្នកថ្មី ។ ក្រោយពេល ជនសង្ស័យ បានដឹងថា នាងមានគូដណ្តឹង ជនសង្ស័យក៏បានប្រើហិង្សាលើរូប នាងចំនួន៦ដង និងគំរាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។

 

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលនារីរងគ្រោះ និងជនសង្ស័យនៅជាមួយគ្នា ស្រាប់តែគូដណ្តឹងនារីរងគ្រោះ បានឆាតមក ក៏ត្រូវជនសង្ស័យឆែកឃើញ បណ្តាលឲ្យមានការឈ្លោះប្រកែកគ្នា ហើយជនសង្ស័យបានឆាតទៅគំរាម គូដណ្តឹងនារីរងគ្រោះ ឲ្យឈប់ទាក់ទងនាងជាបន្ទាន់ បើមិនដូច្នោះទេ រូបគេនឹងធ្វើអ្វីមួយ ចំពោះគូដណ្តឹងនារីរងគ្រោះជាក់ជាមិនខាន ហើយបន្ទាប់មក ជនសង្ស័យបានបង្ខាំងនារីរងគ្រោះទុកក្នុងបន្ទប់ខុនដូ មិនឲ្យចេញទៅណា ព្រមទាំងបានចាប់បោចសក់ និងរុញផ្ទប់ នារីរងគ្រោះទៅនឹងជញ្ជាំង ហើយបានខាំទៅលើជនរងគ្រោះ២កន្លែង គឺដៃ១កន្លែង និងខាំកំប៉េះគូថ១កន្លែង បន្ទាប់មកជនសង្ស័យបានកាត់ក្រណាត់អាវយឺតជាកង់ៗ បំរុងយកមក ចង ដៃ ចងជើងនាង តែដោយសារនារីរងគ្រោះអង្វរពេក ទើបរូបគេមិនបានចង ហើយក៏បង្ខំនារីរងគ្រោះឲ្យទូរស័ព្ទទៅនិយាយជាមួយគូដណ្តឹងថា ពួកគេទាំង២ នាក់ រស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ បើនាងមិនទូរស័ព្ទទៅទេ ជនសង្ស័យគំរាម ថា នឹងយកកន្ត្រៃមកកាត់សក់ចេញឲ្យអស់ ហើយសម្លាប់ចោលតែម្តង ទើបនារីរងគ្រោះបង្ខំចិត្តទូរស័ព្ទទៅគូដណ្តឹង និយាយតាមការគំរាម របស់ជនសង្ស័យ ហើយ ជនសង្ស័យបានបង្ខាំងនាងទុកនៅក្នុងបន្ទប់ខុនដូ និងយកកាំបិតចុងស្រួច សស្ញាចមួយ គំរាមនាងមិនឲ្យចេញទៅណាជាដាច់ខាត។

លុះដល់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៨ម្តាយមីងរបស់នារីរងគ្រោះ បានបាត់ដំណឹង ក្មួយស្រីពេញមួយយប់ ក៏បានដាក់ពាក្យបណ្តឹង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យជួយស្រាវជ្រាវ រហូតឈានទៅដល់រកឃើញទីតាំងបង្ខាំងទុកផ្ទាល់ ដោយមានការសហការជាមួយសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការ មន។ ពេលដែលសមត្ថកិច្ចអាវុធហត្ថចុះទៅដល់ ជនសង្ស័យមិនព្រមបើកទ្វារនោះទេ ថែមទាំងគំរាមសមត្ថកិច្ចថា រូបគេនឹងសម្លាប់នារីរងគ្រោះចោល ក្នុងបន្ទប់ទៀតផង បន្ទាប់មកជនសង្ស័យបានយក ស្ព្រាយបាញ់ទៅ លើទ្វារកញ្ចក់ មិនឲ្យសមត្ថកិច្ចមើលឃើញដល់ក្នុងបន្ទប់ បម្រុងរត់គេចខ្លួន តែមិនអាចចេញទៅណារួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថទម្លាយ ទ្វារចូលទៅឃាត់ខ្លួន និងរំដោះជនរងគ្រោះបានតែម្តង។

 

បន្ថែមពីករណីលើនេះទៅទៀត តាមការធ្វើតេស្តិ៍ទឹកនោម របស់ជនសង្ស័យ សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ជនសង្ស័យដែលជា មនុស្សកំណាចឃោរឃៅម្នាក់នេះ មានជាប់សារធាតុញៀនផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published