បែកធ្លាយរឿង មេប៉េអឹមខេត្តព្រះវិហារ ស៊ីដាច់លុយឧបត្ដម្ថ៨០លានរៀល និងផ្ទុះរឿងពុករលួយ រាប់មិនអស់

, , Leave a comment

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ប៉េអឹមខេត្តព្រះវិហារ ត្រូវបានកូនចៅក្រោមឱវាទចោទប្រកាន់ ថា បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមាណ ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព “​ខ​26-2” កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ក្រៅពី​លុយ ៨០​លាន​រៀល លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​ទៀត​។

ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា សកម្ម​ភាពមិនប្រក្រតី​ធំៗ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មានដូចជាៈ​

១៖ យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដូចជា​ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង ដី​ស្នាក់ការ​កំពង់​ស្រឡៅ​។​

២៖ បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តាល​ក្រុង​ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា​ខ្លួន​ជា​អ្នក​កសាង​។​

៣៖ គំរាម​គំហែង​មេបញ្ជាការរង រហូតដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។​

៤៖ ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទា​ប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។​

៥៖ ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ​។​

៦៖ ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។​

មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បានបញ្ជាក់​អះអាង​ទៀតថា ការទទួលប្រាក់​ពីស​កម្ម​ភាពផ្ទុយ​ច្បាប់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ប្រគល់​ឲ្យ​លោក កង ពុទ្ធា ជា​ប្អូនបង្កើត​របស់លោក​ ជា​អ្នក​យកលុយ​នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ នៅ​ព្រំប្រទល់​ខេត្តព្រះវិហារ និង​កំពង់ធំ ហើយ​លោក ចាន់ សី ជា​អ្នក​ចាំ​យកលុយ​ នៅ​ស្នាក់ការ​សន្តិសុខ ព្រំប្រទល់​ខេត្តព្រះវិហារ និង​សៀមរាប​។​

ករណីខាងលើមិនអាចទទួលការបញ្ជាក់ពីលោក​ឧ​ត្ត​ម​សេនីយ៍​ត្រីកង សៅ​គុណ បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published