ខេត្តកំពង់ធំ ៖ តាមប្រភពប្រជាពលរដ្ឋក៏ដូចជាពីមន្ត្រីក្នុងមូលដ្ឋានបានឱ្យដឹងថាលោក ឡង គីសឹង ចៅហ្វាយស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងត្រូវប៉ាន់ទទួលផលប្រយោជន៍ ពីបទល្មើសដែលកំពុងកើតមាន ពេញបន្ទុក ក្នុងភូមិ សាស្ត្រស្រុកសណ្តាន់ដោយក្នុងនោះមានឈ្មោះ ហ៊ ជាជំនិត លោកអភិបាលស្រុកដែលកំពុងរវល់ ឥតស្រាកស្រាន្តដើរប្រមូល លុយពីបទល្មើសគ្រប់ប្រភេទក្នុងស្រុកសណ្តាន់ និងមានបំណងចង់កំចាត់ អ្នកកាសែតណា ដែលមិនជួយបិទបាំងអំពើពុករលួយរបស់ខ្លួន។
ប្រភពដដែល បានបង្ហើបឱ្យដឹងទៀតថា មន្ត្រីក្រោមឱវាទ នៅក្នុងស្រុកសណ្តាន់ មិនសូវពេញចិត្ត ចរិតច្រង៉េងច្រង៉ាង និងពាក្យសម្តីគ្មានសីលធម៌ ។ ពិសេសពេលផឹកស៊ីម្តងៗ តែងប្រើអំពើហិង្សា រួមនឹងប្រើសិទ្ធិ ជាចៅហ្វាយរំលោភពេលវេលាឯកជន របស់កូនចៅក្រោមឱវាទ ទៀតផង។
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោក អាំង ប៊ុនហូវ ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន ស៊ីភីអិន ធីវី (CPN-TV) ប្រចាំខេត្តកំពង់ធំ ត្រូវបានលោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ ធ្វើការយាយី និងរំខានដល់ការងារឯកជនគ្រប់ពេលក្នុងការបំពេញភារកិច្ចក្នុងនាមជា អ្នកសារព័ត៌មាន ស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោក ឡង គីសឹង បានទៅថតឡានលោក អាំង ប៊ុនហូវ ដោយមិនដឹងមានបំណងអ្វីពិតប្រាកដនោះទេ។ តែតាមការ ឱ្យដឹងពី លោក អាំង ប៊ុនហូវ បានបញ្ជាក់ប្រាប់ថា កន្លងមកលោកអភិបាលស្រុកសណ្តាន់ រូបនេះខឹងនឹងខ្លួន ដោយសារតែលោកបានធ្វើព័ត៌មានអាស្រូវជាច្រើននៅក្នុងទឹកដីស្រុក សណ្តាន់។ ពិសេស សកម្មភាពនានា ដែលមានការពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក ឡន គីសឹង ដោយហេតុដូច្នេះទើបលោក អាំង ប៊ុនហូវ ជាឆ្អឹងទទឹងករបស់លោកអភិបាលស្រុកសណ្តាន់។
គេមិនដឹងច្បាស់ទេថាតើទង្វើរលោក ឡង គីសឹង ចង់កំចាត់អ្នកសារព័ត៌មានចេញពីដែនដីរបស់ខ្លួនគ្រប់គ្រងឬ ទើបបានជា ចង់ធ្វើអ្វី តាមតែអំពើចិត្តយ៉ាងដូច្នេះ។
ករណីខាងលើមិនអាចទទួលការបញ្ជាក់ពីលោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បាននៅឡើយទេ៕
