ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ឲ្យលើកលែងទោសអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ តាមសំណើសម្តេចនាយករដ្ឋមន្រ្តី

, , Leave a comment

រាជធានីភ្នំពេញ ៖ សកម្មជនដីធ្លីសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារកាលពីឆ្នាំ២០១៦នោះ ត្រូវបានព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្ដេចព្រះមរបនាថ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្រៅពីលើកលែងទោស អ្នកស្រី ទេព វន្នី ក៏បានបង្គាប់ឲ្យលើកលែងទោស សកម្មជនដីធ្លីសហគមន៍បឹងកក់៣នាក់ផ្សេងទៀត រួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ផងដែរ។

នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ សកម្មជនដីធ្លី សហគមន៍បឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ត្រូវបានដោះលែងចេញពីពន្ធនា គារ «ម២» ហើយ បន្ទាប់ពីប្រធានពន្ធនាគារ បានទទួលដីកាបង្គាប់ ឲ្យដោះលែង ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការសម្រេចដោះលែងអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ «ម២» ទាំងយប់នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីចំនួន៣នាក់ទៀតរួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា។

សូមបញ្ជាក់ថាអ្នកស្រីទេព វន្នី ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដោយសម្រេចផ្ដន្ទាទោសចំនួន២ឆ្នាំកន្លះ ក្រោមការចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស»៕

 

Leave a Reply

(*) Required, Your email will not be published