ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី១២ សីហា ២០១៨ ក្រោយ កើតមានអំពើឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារនៅស្រុកចិត្របុរីខេត្តក្រចេះ ជនពាក់ព័ន្ធករណីនេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរី និងមានការសម្របសម្រួល ពីលោក ធុច បញ្ចសន្តិភាព ព្រះអាជ្ញារង អមសាលាដំបូង ខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅស្នងការនគរបាលខេត្ត ដើម្បីបំពេញនីតិវិធីពាក់ពន្ធ័នឹងករណីឃាតកម្មនោះ។
មន្ត្រីប៉ូលីសប្រាប់ថា ជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័លើករណីខាងលើ រួមមាន ១-ឈ្មោះ ចឹក ណូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ២-ឈ្មោះ ម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសន្តិសុខក្រុមហ៊ុនហនុមានមានរឹទ្ធ។ ៣-ឈ្មោះ ចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និង៤-ឈ្មោះ ចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សូមបញ្ជាក់ថា ចន្លោះម៉ោង១១យប់ទៅម៉ោង២យប់ នៅចំណុច កោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ មានករណីឃាតកម្ម សំលាប់មួយគ្រួសារ៤នាក់ រួមឪពុកម្តាយ និងកូនស្លាប់ រួចដុតផ្ទះស្លាប់យ៉ាងអាណោចអាធ័ម។ហើយសាកសពមនុស្សទាំង៤នាក់បានត្រូវភ្លើងឆេះខ្លោចក្នុងគំនរផេះផង់មើលទៅគួឲ្យសោកសង្រេងជាទីបំផុត៕


