Honda ក្លាយជាគ្រូបង្វឹក ជម្រើសជាតិកម្ពុជាថ្មី

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ទីបំផុតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកម្ពុជា ត្រូវបានបង្ហាញផ្លូវការហើយ គឺលោក Keisuke HONDA ។ នេះបើតាមការបង្ហាញ និងប្រកាសតែងតាំងផ្លូវការ ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នេះ ។

គួរបញ្ជាក់ថា សម្រាប់ភារកិច្ចចំពោះមុខ របស់គ្រូបង្វឹកថ្មីរូបនេះ គឺផ្ដោតលើ ការប្រកួតពានរង្វាន់កម្រិតតំបន់ដ៏ធំមួយ គឺពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានរៀបចំកម្មវិធី ចាប់ឆ្នោតបែងចែកពូល កាលពីពេលកន្លងទៅ ដោយកម្ពុជាស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។

នេះជាលើកដំបូងសម្រាប់អតីតកីឡាករក្រុមជម្រើសជាតិជប៉ុន​ វ័យ៣២ឆ្នាំ​ ដែលវិវត្តន៍ក្លាយជាគ្រូបង្វឹក​ និងជាកីឡាករជោគជ័យមួយរូបកាលលេងអោយក្លឹបយក្យអ៊ីតាលី​ AC Milan មុនផ្លាស់ទៅលេងនៅមិចសិក​ ក្នុងក្លឹប​ Pachuca និងចុងក្រោយលេងនៅអូស្ត្រាលី​ ក្នុងក្លឹប​ Melbourne Victory។

បុរសវ័យ​ ៣២ឆ្នាំ​ Honda ទើបតែបានប្រកាសលាឈប់ពីក្រុមជម្រើសជាតិ សាម៉ូរៃខៀវជប៉ុន​ ក្រោយបញ្ចប់​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ ដោយធ្លាក់ត្រឹមវគ្គ១៦ក្រុម​ ក្រោមថ្វីជើងរបស់ប៊ែលហ្ស៊ិក។

ការ​មក​ដឹក​នាំ​នេះ​ដែរ ​Honda ​មក​ក្នុង​នាម​ជា​អ្នក​ជួយ​ពិត​ប្រាកដ ​ដោយ​មិន​មាន​ប្រាក់​ខែ​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ​សហព័ន្ធ​នឹង​រ៉ាប់រង​ចំពោះ​ការ​ស្នាក់​នៅ ​ហូប​ចុក ​និង​សំបុត្រ​យន្ដហោះ ​នៅ​ពេល​ដែល​រូបគេ ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នៅ​ពេល​ខាង​មុខ​នេះ ដើម្បីត្រៀមចូលលេងពានរង្វាន់ AFF Suzuki Cup។

មិន​ត្រឹម​តែ​មក​ជួយ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ប៉ុណ្ណោះ Honda ​បាន​បញ្ជាក់​ទៀត​ថា​លោក​នឹង​ជួយ​ដល់​កម្ពុជា ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ឱ្យ​ពិភពលោក​កាន់​តែ​ស្គាល់​ច្បាស់​ថែម​ទៀត ថា​កម្ពុជា​ជា​ប្រទេស​ស្រស់ស្អាត ​និង​សំបូរ​ដោយ​កន្លែង​ទេសចរណ៍​នានា។ ការងារ​នេះ​ទៀត​សោត ​លោក Honda ​នឹង​ត្រូវ​រ៉ាប់រង​អំឡុង​ពេល​ដឹក​នាំ​ក្រុម​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ៕

 

 

Leave a Reply

(*) Required, Your email will not be published