ភរិយាលោក គឹម ឆៃហៀង អតីតអភិបាលរងខេត្តសៀមរាប មានអំណាចនាំបក្សពួក វាយនាងដល់បន្ទប់ជួល រហូតរលូតកូន សមត្ថកិច្ចមិនទាន់ចាត់ការ

, , Leave a comment

ខេត្តសៀមរាប ៖ ស្ត្រី​មាន​ផ្ទៃពោះ​ជាង២ខែ​ម្នាក់ បានដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ ​ជួយ​រក​ភាពយុត្តិធម៌ ​ករណី ក្រុម​ជនសង្ស័យ​ចំនួន៥នាក់​ដែល​គេ​ដឹងថា ជា​ភរិយា ​របស់​អតីត​អភិបាលរង​ខេត្តសៀមរាប បាននាំគ្នា​មក​វ៉ៃ​នៅមុខ​បន្ទប់​ជួល រហូត​រលូត​កូន ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ ពេជ្រ ស្រី​នាង រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​ឲ្យ​អ្នកសារព័ត៌មាន ​ពី​ដំណើរ​សាច់រឿង​នៅ​ថ្ងៃទី១១ខែសីហា នេះ​ថា នៅ​ពី​ល្ងាច​ថ្ងៃទី២៣ ខែមិថុនា​ឆ្នាំ២០១៨ ក្រុមគ្រួសារ​គាត់ និង​មិត្តភក្តិ​បាន​ជួបជុំគ្នា​ហូបបាយ ហើយក៏​ចាក់​កូន​ប៉ាស់១ច្រៀង​លេង ពេលដែល​ពួកគាត់​ច្រៀង​ បាន១បទ ស្ត្រី​ឈ្មោះ​ កែវ សុខុម ភេទ​ស្រី អាយុ៤៨ឆ្នាំ (ភរិយា​របស់លោក គឹម ឆៃ​ហៀ​ង អតីត​អភិបាលរង​ខេត្តសៀមរាប)បាន​ឲ្យ​គេ​មក​ប្រាប់ថា​កុំ​ចាក់ ​ព្រោះ​វា​រំខាន គ្រានោះ​គាត់​ក៏​បិទ​បាស់​ទៅ ។

ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ​ស្រាប់តែ ​សម្លេង​បាស់​លាន់លឺខ្លាំងៗ ចេញពីផ្ទះ​ជនបង្ក​ ​ស្រាប់តែ​ស្ត្រី​ឈ្មោះ​ កែវ សុខុម បាន​ស្រែកជេរ និង​គប់​ស្បែកជើង​ចូល មកក្នុង​បន្ទប់​របស់គាត់ ។ ស្ត្រីជន​រងគ្រោះ​បន្តថា បន្ទាប់ពី​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​រួចមកស្ត្រី​ឈ្មោះ​ កែវ សុខុម ថា ​ឈប់​ជួល​ផ្ទះ​ឲ្យនិង​បាន​ដេញចេញភ្លាមៗតែម្តង ​ដោយ​គាត់​ទើបតែ​មក​ជួល​ ស្នាក់​នៅបាន១៥ថ្ងៃ​ប៉ុណ្ណោះ ។ ដូច្នេះ​ជនរងគ្រោះ​បានទាមទារ​ប្រាក់​កក់​នៅ​សល់ តែ​គាត់​ថា​ មិន​ព្រម​ឲ្យ ទើប​ចេះ តែ​មានរឿង​ទំនាស់​ពាក្យសម្តី​គ្នា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​រហូតដល់​ស្ត្រី​ឈ្មោះ​កែវ សុខុម និង​កូនស្រី​ឈ្មោះ ហៀ​ង ស្រី​ណុ​ច និង​បក្ខពួក៣នាក់​ទៀត បាននាំគ្នា​មក​វ៉ៃ​ទាត់​ធាក់​គាត់​ដល់​បន្ទប់​ជួល បណ្តាល​ឲ្យ​រងរបួស និង​រលូត​កូន ក្នុង​ផ្ទៃ​អាយុ២ខែ​តែម្តង ។

ស្ត្រីជន​រងគ្រោះ​បន្តថា បន្ទាប់ពី​កើតហេតុ ​ក្រុមគ្រួសារ​បាន​នាំ​គាត់​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ និង​នគរបាល​ជំនាញ​ ដើម្បី​ឲ្យ​ពួកគាត់​ជួយ​រក​ភាព យុត្តិធម៌​ដល់​រូបគាត់​ផង ។ ស្ត្រីជន​រងគ្រោះ​បន្តថា​ការរង់ចាំ​អស់​រយៈពេល​ជិត២ខែ មកហើយ​នៅ​មិនទាន់ មាន​ពន្លឺ​ ទើប​ពួក​បាន​សម្រេចចិត្ត​មក​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ​បន្ថែមទៀត​នៅ​ថ្ងៃទី០៨ខែសីហា នេះ ។

ស្ត្រីជន​រងគ្រោះ​បញ្ជាក់ថា ករណីនេះ​គាត់​ដាក់ពាក្យ​ប្តឹង ​ទាមទារ​សំណង​ចំនួន ៥ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក និង​ស្នើ​ឲ្យ​តុលាការ​ចាត់ការ​ទៅលើ​ជនបង្ក​ ទៅ តាម​ផ្លូវច្បាប់ ។ ចំណែក​ខាង​ក្រុមគ្រួសារ​ ដែល​រង​ការចោទប្រកាន់ថា បាន​លើកគ្នា​មក​វ៉ៃ​គេដល់​បន្ទប់​នោះ មិនអាច​ទាក់ទង ​សុំ​ការបកស្រាយ​បានទេ  ។

ទាក់ទិន​ទៅនឹង​ករណី​នេះដែរ នគរបាល​ជំនាញ ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី១១ ខែសីហា​នេះ ថា ​សំណុំរឿង​ហ្នឹង​ខាង​លោក​បាន​បញ្ជូនទៅ​តុលាការ​ហើយ ។

លោក យិន ស្រាង អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​​ថា សំណុំរឿង​ហ្នឹង​ខាង​លោក ​ទទួលបាន​ពាក្យបណ្តឹង​ហើយ តែ​អ្នក​មកប្តឹង​នោះ​ឃើញ​មានតែ​ពាក្យបណ្តឹង រីឯ​ឯកសារផ្សេងៗនោះ នៅ​មិនឃើញ​មាន​ដាក់​មក​តុលាការ​នៅឡើយ ។ លោក​បន្តថា សំណុំរឿង​ហ្នឹង ​នៅ​មិនទាន់​ដល់ដៃ​ព្រះរាជអាជ្ញា ណាមួយ​នៅឡើយ​ទេ ព្រោះ​មិនទាន់មាន​ឯកសារ​ត្រឹមត្រូវ ៕

   

 

Leave a Reply

(*) Required, Your email will not be published