លោក គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ យ៉ាង​ពេញបន្ទុក​

, , Leave a comment

​ខេត្តកំពង់ចាម  ៖ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​អំពាវនាវ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក គីម​សួរ ភីរុណ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ កាន់តែខ្លាំង​ថែមទៀត​។

ប្រភពពី​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាមបាន​ឲ្យ​ដឹង​ទៀតថា កន្លងមក ​លោក គីម​សួរ ភីរុណ និង​បក្ខពួក​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកាជាតិ តាមរយៈ​បំប៉ោង​គម្រោង​ ចំណាយ​នៅក្នុង​មន្ទីរ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បើទោះបី​ គម្រោង​ចំណាយ​មួយចំនួន ​ធ្វើឡើង​តាមរយៈ​លទ្ធកម្ម​យ៉ាងណា​ក៏ដោយ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​ ព្រោះ​ លោក គីម​សួរ ភីរុណ មាន​ល្បិច​កឹ​ប​កេង​ថវិកាជាតិ​ យ៉ាង​គឃ្លើន​ដដែល​។​

​ក្រុមមន្ត្រី​រាជការ​ នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​ លោក គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ប្រើ​តួនាទី​ និង​អំណាច​របស់ខ្លួន​ ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកាជាតិ ​យកទៅ​ធ្វើ​មាន-​ធ្វើបាន ​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក គីម​សួរ ភីរុណ មាន​សិទ្ធិ​ធ្វើ​លទ្ធកម្ម​ដោយ​ខ្លួនឯង ហើយ​ការដែល​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ប្រកាស​ស្វែងរក​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ផ្គត់ផ្គង់​សម្ភារៈ​ផ្សេងៗ​នោះ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ដើម្បី​បិទបាំង ​អំពើពុករលួយ​របស់ខ្លួន​ប៉ុណ្ណោះ​។ ប្រភព​ស្និទ្ធ​នឹង​លោក គីម​សួរ ភីរុណ បាន​ឲ្យ​ដឹងថា កន្លងមក​លោក គីម​សួរ ភីរុណ និង​មន្ត្រី​ជំនិត​ឈ្មោះ ស៊ីម វ​ន្ថា បានរៀបចំ​ ក្រុមហ៊ុន​ឬ​បក្ខពួក​ របស់ខ្លួន​រួចជាស្រេច ​សម្រាប់​គម្រោង​ដេញថ្លៃ​ផ្គត់ផ្គង់​ សម្ភារៈប្រើប្រាស់​ ក្នុង​មន្ទីរ​សុខាភិបាល ហើយ​ដំណើរការ​ដេញថ្លៃ​ ក៏ត្រូវ​បិទបាំង​យ៉ាង​ជិតឈឹង​ទៀតផង​។​

 

​ទាក់ទង​ទៅនឹង​អំពើពុករលួយ​យ៉ាងខ្លាំង​ក្លា​របស់លោក គីម​សួរ ភីរុណ ត្រូវបាន​មន្ត្រីរាជការ​ ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​លាតត្រដាង​ថា​ក្នុង​មួយឆ្នាំៗ​សម្រាប់​មន្ទីរ​មួយ​នេះ​ត្រូវ​ចំណាយ​ថវិកា​លើ​សម្ភារៈប្រើប្រាស់​ផ្សេងៗ​និង​ថ្នាំពេទ្យ​ មិនតិចជាង​១៥០០​លាន​រៀល​នោះទេ​។ ក្នុងនោះ​ មានដូចជា ការទិញ​ឱសថ​ ក្នុង​មួយ​ឆមាស​ម្ដង ​ត្រូវ​ចំណាយ​អស់​ជាង​៣៩០​លាន​រៀល ការចំណាយ​លើ​ប្រេង​ឥន្ទ​នៈ​មួយឆ្នាំ​២​ដង​អស់​ជាង​២៩០​លាន​រៀល ការទិញ​សម្ភារៈ​សម្រាប់​ការិយាល័យ​មួយឆ្នាំ​២​ដង​ចំណាយ​ប្រមាណ​១៥០​លាន​រៀល ឯកសណ្ឋាន​គ្រូពេទ្យ​ក្នុង​មួយឆ្នាំ​ជាង​១០០​លាន​រៀល ក្រៅពីនេះ​នៅមាន​ការចំណាយ​ច្រើន​មុខ​ផ្សេងទៀត​សរុបទៅ​មិន​ក្រោម​១៥០​លាន​រៀល​នោះទេ​។​

 

​ប្រភពពី​មន្ត្រី​ ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ គម្រោង​ចំណាយ​ដូច​រៀបរាប់​ត្រួសៗ​ ខាងលើនេះ គឺ​លោក គីម​សួរ ភីរុណ និង​បក្ខពួក ​អាច​កេងប្រវ័ញ្ច​អស់​មួយផ្នែកធំ​ ដើម្បី​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។

 

មន្ត្រី​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម អំពាវនាវ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនគួរ​មើលរំលង​អំពើពុករលួយ ​របស់លោក គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាមនិង​បក្ខពួក​តទៅទៀត​ឡើយ​។ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត ឲ្យ​បាន​ស៊ីជម្រៅ​ ទៅលើ​រឿងអាស្រូវ​ពុករលួយ ​របស់លោក គីម​សួរ ភីរុណ និង​បក្ខពួក​ផងដែរ​ ដើម្បី​កុំ​ឲ្យ​ពួកគេ ​ប្រើ​តួនាទី​ និង​អំណាច​ កេងប្រវ័ញ្ច​ថវិការដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​៕

 

 

 

Leave a Reply

(*) Required, Your email will not be published