ខេត្តរតនគិរី ៖ ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា បានលេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំក្រសួងកសិកម្ម និងថ្នាក់ដឹកនាំខេត្តរតនគិរី ដោយលួចបន្លំយកថវិកាជាតិមួយផ្នែកធំលើប្រាក់ចំណាយជាង៣០០លានរៀល សម្រាប់ឆ្នាំ២០១៨នេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈកិបកេងការចំណាយ ទិញគ្រាប់ពូជដាំណាំ ទិញថ្នាំសម្លាប់សត្វល្អិត ទិញ’ និងពូជស្រូវ រួមនិងជីគីមីសម្រាប់ផ្ដល់ជូនកសិកក្នុងខេត្តរតនគិរីប៉ុន្តែផ្ទុយទៅវិញ ថវិកាចំណាយដ៏ច្រើន នោះ មួយផ្នែកធំត្រូវបាន លោកប្រធានមន្ទីរ សយ សូណា និងលោកប្រធានការិយាល័យផែនការគណនេយ្យ លោក សៅ ស៊ុនថៃ ឃុបឃិតគ្នាលួចបន្លំស្ទើរអស់ ពោលគឺគាត់បានយកទៅចំណាយដ៏តិចតួចសម្រាប់ថតយករូបភាពរាយការណ៍តែប៉ុណ្ណោះ។
សូមរំលឹកថាថវិកាជាង៣០០លានរៀលដែលមន្ទីរកសិកម្មខេត្តរតនគិរីចំណាយ ទិញគ្រាប់ពូជដាំណាំ ទិញថ្នាំសម្លាប់សត្វល្អិត ទិញ’ និងពូជស្រូវ រួមនិងជីគីមីសម្រាប់ផ្ដល់ជូនកសិកក្នុងខេត្តរតនគិរី បានប្រើប្រាស់ចំគោលដៅត្រឹមតែ ៥០ទៅ៦០លានរៀលប៉ុណ្ណោះ។ក្រៅពីនោះត្រូវលោកប្រធានមន្ទីរ សយ សូណា និងលោកប្រធានការិយាល័យផែនការគណនេយ្យ លោក សៅ ស៊ុនថៃ ឃុបឃិតគ្នាស៊ីដាច់។ ហើយដើម្បីបំភ័ណ្ឌភ្នែកថ្នាក់ដឹកនាំនិងក្រុមអធិការកិច្ច នៅរសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០១៨ កន្លងទៅលោកប្រធានមន្ទីរ សយ សូណាបានធ្វើពិធីចែកអំណោយដល់ពលរដ្ឋចំនួន ១០០ គ្រួសារមកពីភូមិចំនួន ៣ ក្នុងឃុំស្រែអង្គ្រងស្រុកកូនមុំនោះបានទទួលត្រឹមពូជស្រូវសែនពិដោរ ចំនួនសរុបចំនួន ០២តោន និងពូជដំណាំបន្លែចំនួន ៤ មុខ រួមមានត្រកួនចំនួន១០០កញ្ចប់ត្រប់ចំនួន ១០០ កញ្ចប់សណ្ដែកគួរចំនួន ១០០ កញ្ចប់ និងត្រសក់ចំនួន ១០០កញ្ចប់ មកធ្វើការផ្ដល់ជូនចំនួន ១០០ គ្រួសារប្រជាកសិករនិងពូជស្រូវ សែនពិដោរចំនួន ២០គីឡូក្រាម ហើយក្នុងពិធីចែកអំណោយនោះមានការចូលរួមពីលោកអភិបាលរតនគិរី លោក ថង សាវុន ធ្វើជាអធិបតីផងដែរ។
ដូច្នេះការចែកជូនអំណោយខាងលើ គ្រាន់តែជាល្បិចឆ្ពិនភ្នែក ក្នុងការលួចថវិកាជាតិមើលទៅអោយសមភ្នែក ព្រោះថវិកាជាង៣០០លានរៀលមិនតិចទេ អាចទិញបានពួជស្រូវនិងដាំណាំរួមនិងជីរាបសិបតោន។
ប្រភពបានដឹងថា ការចំណាយថវិកាជាង៣០០លានរៀលសម្រាប់ទិញកូនឈើហូបផ្លែ ទិញថ្នាំសម្លាប់សត្វល្អិត និងពូជស្រូវ រួមនិងជីគីមីសម្រាប់ផ្ដល់ជូនកសិកក្នុងខេត្តរតនគិរី គឺបានធ្វើឡើងតាមរយៈពិគ្រោះថ្លៃចំនួន៣គម្រោង និងតាមលទ្ធកម្មខ្យល់មួយគម្រោង៕


