ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជំនួញឈើប្រណីតខុសច្បាប់ នៅខេត្តរតនគីរី បានកក្រើកវិញហើយ គឺឈ្មួញបានដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
យកទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ ដែលដឹក តាមរថយន្ត យីឌុប កាមរីបាឡែន ម៉ាកឆ្លាម ធុនត្រា កាមរីគូទហើមស៊េរី៩៥ ព្រមទាំងរថយន្ត សាំយ៉ុង បន្ទាប់ពីបានបិទ១រយះពេលខ្លីកន្លងមក គឺមិនមាន សមត្ថកិច្ចណា បង្ក្រាប សោះឡើយ ។
ប្រភពពីមន្ត្រីសាលាស្រុកអូរយ៉ាដាវ បានអោយដឹងថា ទោះបី មានការហាមប្រាម ពីថ្នាក់លើ មិនអោយមានការដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងណាក៍ដោយ បច្ចុប្បន្ន ឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ខេត្តរតនគីរី ចេញទៅប្រទេសវៀតណាមតាម ច្រករបៀងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹក គគ្រេង ក្រោមការបិទភ្នែកពីសំណាក់លោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ។
ប្រភពពីមន្ត្រីតូចតាច នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថា ឈ្មួញចំនួនធំៗ ដែលកំពុងសម្រុកដឹកឈើ ចេញទៅស្រុកយួន តាមច្រកទ្វារអន្តរ ជាតិអូរយ៉ាដាវ ទី១-ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ, ទី២-ឈ្មោះ ឆាយ, ទី៣-ឈ្មោះ ប៉ែត, ទី៤-ឈ្មោះ ទូច ប្រពន្ឋឈ្មោះណាត, ទី៥-ឈ្មោះ ណាយ ជាជនជាតិឡាវ។ឈ្មួញទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើនស្ថាប័ន ទើបអាចបន្ត សកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង។ បើតាមប្រភពខ្លះបានឲ្យដឹងថា ឈ្មួញធំៗខាងលើនេះ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ផងដែរ។
គេមិនដឹងថាតើលោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ទទួល ប្រាក់ពីឈ្មួញប៉ុន្មានម៉ឺនដុល្លារនោះទេ ក្នុងការអនុញាតិ អោយមេឈ្មួញទាំងនោះដឹកឈើឆ្លងទៅវៀតណាម យ៉ាងអាណាធិបតេយ្យបែបនេះ ។ កវី មានរឹទ្ឋ