ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ព្រោះតែភ្លើងប្រចណ្ឌ តាមស្រលាញ់គេមិនបាន ក៏កើតចិត្តខឹងគុំគួន បានបើករថយន្តដឹកទឹកកក បុកគូស្នេហ៍ កំពុងជិះម៉ូតូឌុបគ្នា បណ្តាលអោយស្លាប់ទាំង២នៅកន្លែងកើតហេតុ។ ជនសង្ស័យ ដែលបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យឈ្មោះ ណាន់ វីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករបើកឡាន អោយរោងចក្រទឹកកក បី អេស រស់នៅភូមិអូរតាប្រាង្គ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ចំណែកជនរងគ្រោះទាំង២នាក់មាន ឈ្មោះ ជួន ផាន់ណា អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែនគោកវរ:សេនាតូចលេខ៨២១ បើកម៉ូតូម៉ាក KTM Duke ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-4199 (ស្លាប់នៅកន្លែងកើតហេតុ) និង ឈ្មោះ សាន វាសនា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ)។
ហេតុការណ៍ បើកឡានដេញបុក ព្រោះតែភ្លើងប្រចណ្ឌនេះ កើតឡើង កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំក្រវ៉ាត់ព្រំដែន (ផ្លូវអូរឈើក្រំ) ជនសង្ស័យ បានបើកឡានទឹកកក ដេញបុកជនរងគ្រោះ កំពុងជិះម៉ូតូមានគ្នា ០២នាក់ ពីក្រោយ បណ្តាលអោយជនរងគ្រោះទាំង ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងនិងកើតហេតុ រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋថែម មួយខ្នងទៀត។
ក្រោយពីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ការិយាល័យជំនាញ ព្រហ្មទណ្ឌកម្រិតធ្ងន់ ជនសង្ស័យបានសារភាពថា ពិតជាប៉ុនប៉ងសម្លាប់ជនរងគ្រោះទាំងពីរនាក់ពិតប្រាកមែន ដោយសារតែការប្រចណ្ឌ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕



