អបអរសាទរ! បារាំង លើកពាន World Cup 2018 ក្រោយបំបាក់ក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ

, , Leave a comment

(ម៉ូស្គូ) ៖ ទីបំផុតទៅបន្ទាប់ពីតស៊ូលើសង្វៀនវាលស្មៅអស់រយៈពេលមួយខែក្រុមមាន់គកបារាំង បានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នា ក្រូអាត ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ ដែលទើបបញ្ចប់មុននេះបន្តិច នៅក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។

បារាំង បានបើកការនាំមុខ១គ្រាប់មុន នៅនាទីទី១៨ ពីការធ្វេសប្រហែសចូលទីខ្លួនឯង (Own goal) របស់កីឡាករ Mario Mandzukic មុនពេលមិត្តរួមក្រុម Ivan Perisic រកគ្រាប់តាមស្មើវិញនៅ ១០នាទីបន្ទាប់ តែត្រូវបានកីឡាករខ្សែប្រយុទ្ធ Antoine Griezmann រកគ្រាប់នាំមុខ ២-១ នៅនាទីទី៣៨ ដោយការទាត់បាល់ប៉េណាល់ទី១១ម៉ែត្រ។ មុនបញ្ចប់វគ្គទី១ រយៈពេល ៤៥នាទី ជាមួយ Paul Pogba ធ្វើបានសម្រេចគ្រាប់ទី៣ នៅនាទីទី៥៩ និងគ្រាប់ទី៤ ដោយ Kylian Mbappe នៅនាទីទី៦៥ និងគ្រាប់ទី២ របស់ក្រូអាតកើតឡើងនៅនាទីទី៦៩ ដោយកីឡាករ Mario Mandzukic។

នេះជាការលើកពាន World Cup លើកទី២ សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយរង់ចាំអស់រយៈពេល ២០ឆ្នាំមកហើយ បន្ទាប់ពីការលើកពានលើកដំបូងក្នុងទឹកដីរបស់ខ្លួននៅឆ្នាំ១៩៩៨ ពីការបង្ហាញខ្លួនបាន ១៤ដងក្នុងយុទ្ធនាការមានរយៈពេល ៤ឆ្នាំម្តងនេះ។ ការឈ្នះរបស់បារាំងពេលនេះ ជាការផ្តល់ភាពឈឺចាប់ដល់ក្រូអាតមិនដែលឈ្នះពាននេះឡើយ ក្រោយបង្ហាញខ្លួនបាន ៥ដង តែធ្លាប់ជាប់លេខ៣ ម្តងដែរកាល World Cup 1998។

សូមបញ្ជាក់ផងដែរថា បារាំងជាក្រុមតែមួយគត់ ដែលលេងមិនចាញ់ក្នុងចំណោម៧ប្រកួតឈ្នះ ៦ដង និងស្មើ ១ដង ដោយមិនដែលលេងលើស ៩០នាទីឡើយ ក្នុងនាមជាក្រុមលេខ១ ចេញពីពូល C ខណៈក្រូអាតជាក្រុមលេខ១ ចេញពីពូល D។

បារាំង ឈ្នះជើងឯក ដោយទទួលបានពាន FIFA World Cup 2018 មួយ មេដាយមាស ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ចំនួន ៣៨លានដុល្លារ ខណៈជើងរងក្រូអាត ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងទឹកប្រាក់ ២៨លានដុល្លារ និងលេខ៣ ប៊ែលហ្ស៊ិក ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង ជាមួយទឹកប្រាក់ ២៤លានដុល្លារ និងលេខ៤ អង់គ្លេស ទទួលបាន ២២លានដុល្លារ៕

 

Leave a Reply

(*) Required, Your email will not be published