ក្រុមអ្នកកាសែតដែលរងគ្រោះ សូមអំពាវនាវ ដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់នៅខេត្តរតនៈគីរី ជាពិសេស ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកព្រះរាជអាជ្ញាលាសាដំបូងខេត្ត មេត្តាចាត់ការឈ្មួញរកស៊ីដឹកឈើប្តីឈ្មោះ ទូច ក្បាលធំ និងបក្សពួក ដើម្បីផ្តល់យុត្តិធម៌ ហើយដើម្បីបង្ក្រាបក្រុមឈ្មួញឈើទុច្ចរិត ដោយយោងតាមប្រសាសន៍របស់រាជរដ្ឋាភិបាល ដែលមានប្រសាសន៍ថា សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវតែបង្ក្រាបបទល្មើសព្រៃឈើអោយខានតែបាន។
ខេត្តរតនៈគីរី ៖ ហេតុការណ៍ដ៏កក្រើកមួយនេះ បានកើតឡើង ម៉ោង១០យប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨លើផ្លូវជាតិលេខ៧៨អានៅចំនុចផ្លូជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ឃុំច្រេស ស្រុកកូនមុំ ខេត្តរតនៈគីរី ឈ្មួញរកស៊ីដឹកឈើ ដ៏ល្បីល្បាញដែលត្រូវបានគេស្គាល់ច្បាស់ថាប្តីឈ្មោះ ទូច ក្បាលធំ ប្អូនអាប៉ែត បក្សពួក ណុប ណាក់ ហៅ (ណាក់ក្បាលធំ) មន្ត្រីប៉េអឹមខេត្តរតនគីរី បានប្រើរថយន្តជាច្រើនគ្រឿងបើកបំបុករថយន្ត អ្នកកាសែត៣គ្រឿង ព្រមទាំងបញ្ជាអោយកូនចៅយកកាំបិត ដាវសាំម៉ូរៃ ដេញកាប់សម្លាប់អ្នកកាសែត និងយកដុំថ្មគប់បំបែកកញ្ចក់រថយន្តអ្នកសែតខ្ទេចអស់ ខណៈពេលដែលអ្នកកាសែត តាមប្រមាញ់រូបភាពរថយន្តម៉ាកសាន់យ៉ុងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ-2A-0909 ដឹកឈើប្រណិតប្រភេទធ្នង់អត់ច្បាប់ពេញមួយរថយន្ត។
ប្រភពព័ត៌មានបានអោយដឹងថា ដំបូងឡើយរថយន្តសាន់យ៉ុង ដឹកឈើធ្នងខាងលើនេះ បានដឹកឈើមកដល់កន្លែងកើតហេតុ ត្រូវបានរថយន្ត អ្នកកាសែតដេញតាមពីក្រោយ ក្នុងគោលបំណងថតយករូបភាព ហើយពេលនោះរថយន្តសាន់យ៉ុងនេះបានឈប់ តៃកុងឡានចាប់ផ្តើមលើក ទូរស័ព្ទនិយាយ ស្រាប់តែមិនបានប៉ុន្មាននាទីផង តៃកុងឡានសាន់យ៉ុង បានបើកឡានបំបុកគូទឡានអ្នកកាសែត២គ្រឿង ដើម្បីបើកផ្លូវ ហើយភា្លមៗ នោះគេឃើញរថយន្ត២គ្រឿង មួយម៉ាកតូយូតា ពាក់ស្លាកលេខ ភ្នំពេញ2C-1168 ដឹកមនុស្សពេញៗឡានប្រដាប់ដោយកាំបិតដាវសាំម៉ូរៃ ដេញកាប់អ្នកកាសែត ហើយខណៈ ដែលអ្នកកាសែត រត់គេចពីការតាមសម្លាប់របស់ពួកគេ មេឈ្មួញឈ្មោះ ទូច ក្បាលធំ នេះបានបញ្ជាអោយកូនចៅយកដុំថ្ម និងបំពង់ទីបវាយកំទេចកញ្ចក់ឡានរបស់អ្នកកាសែតខ្ទេចអស់៣គ្រឿង រួចពួកគេបើកឡានគេចអស់។
អ្នកកាសែតម្នាក់ ក្នុងចំណោមអ្នកកាសែតជាច្រើននាក់ ក្នុងហេតុការណ៍ខាងលើនេះ បានប្រាប់តាមទូរស័ព្ទថា ពួកគាត់មានតែកាមេរ៉ាថតរូប គ្មានកាំបិត គ្មានដាវ គ្មានកាំភ្លើង គ្មានបំពង់ទីប គ្មានដុំថ្ម ដូច្នេះគ្មានអ្វីតបតជាមួយនិង ក្រុមឧក្រិដ្ឋជនព្រៃឈើខាងលើនេះទេ មានតែរត់ ដើម្បីការពារជីវិតមួយពេលសិន។ អ្នកកាសែតរូបនេះបានបន្តថា បន្ទាប់ពីកើតហេតុ ខាងប៉ូលីសចរាចរណ៍ ស្រុកកូនមុំ បាននាំកម្លាំងមកអូសយករថយន្តអ្នកកាសែត២គ្រឿងដែលរងការខូចខាតស្ទើរទាំងស្រុងយកទៅទុកនៅអធិការនគរបាលស្រុកកូនមុំ។
ក្រុមអ្នកអ្នកតាមដាន ហេតុការណ៍ខាងលើសង្ឃឹមថា ខាងប៉ូលីសចរាចរណ៍ និងអធិការស្រុកកូនមុំ នឹងជួយចាប់ជនល្មើសរកស៊ីដឹកឈើ ឈ្មោះ ទូច ក្បាលធំ នេះមកផ្តន្ទាទោសតាមផ្លូវច្បាប់និងសងការខូចខាតដល់ក្រុមអ្នកកាសែតខាងលើ ជៀសវាងគេរិះគន់ថា ចាប់បានតែរថយន្តអ្នកកាសែត ឯរថយន្តជនល្មើសរកស៊ីខុសច្បាប់ ចាប់មិនបាន។
ក្រុមអ្នកកាសែតដែលរងគ្រោះខាងលើ សូមអំពាវនាវ ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅខេត្តរតនៈគីរី ជាពិសេសឯកឧត្តមអភិបាលខេត្ត និងលោកព្រះរាជអាជ្ញាលាសាដំបូងខេត្ត មេត្តាចាត់ការឈ្មួញរកស៊ីដឹកឈើ ឈ្មោះ ទូច ក្បាលធំ និងបក្សពួកខាងលើនេះផង ដើម្បីផ្តល់យុត្តិធម៌ ដល់ពួកគាត់ ហើយដើម្បីបង្ក្រាប ក្រុមឈ្មួញឈើទុច្ចរិត ដោយយោងតាមប្រសាសន៍របស់រាជរដ្ឋាភិបាល ដែលមានប្រសាសន៍ថា សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវតែបង្ក្រាបបទល្មើសព្រៃ ឈើអោយខានតែបាន។
គួរបញ្ជាក់ថាអំឡុងយុទ្ធនាការឃោសនានេះមេឈ្មួញឈ្មោះណុបណាក់ហៅ(ណាក់ក្បាលធំ)និងឈ្មោះ ទូច ប្អូនអាប៉ែត ចាប់ផ្តើមឈរលំដាប់ជួរមុខ ក្នុងការរកស៊ី ដឹកជញ្ចូនឈើខុសច្បាប់ ក្នុងខេត្តរតនគីរី ដឹកជញ្ជូនឆ្លងទៅវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង ប្រកបដោយប្រសិទ្ធភាព ចំពោះការងារ ជាអ្នកចំណាយលុយរត់ការ ឲ្យឈ្មួញឈើធំៗ នៅខេត្តនេះ ជាហេតុដែលលោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណះបញ្ជាការឯក ភាព មិនដែលលឺមាត់-លឺក ក្នុងការបង្ក្រាបសោះឡើយ ៕