លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ដែលកំពុងប្រឈមនឹងសេចក្ដីវិនាសផង

, , Leave a comment

ខេត្តរតនគិរី ៖ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​ខែ​ចុង​ក្រោយនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កំពុង​កើតឡើង​យ៉ាង​រាលដាល​ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​យួន​ និង​ជនជាតិ​យួន​ច្រើន​នាក់ ​បាន​ឆ្លងដែន​ចូលមក​កាប់​ឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ តាម​ច្រករបៀង​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស យ៉ាង​ពេញបន្ទុក​តែម្តង​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​មហន្តរាយ​។

សេចក្ដីរាយការណ៍​ ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ការពារ​ព្រំដែន ​និង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន គឺជា​អ្នក​ឃុបឃិត​បើក​ច្រក​ឲ្យ​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​។ ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​ខ្មែរ​ធំៗ​មួយចំនួន​ក៏​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រករបៀង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស យ៉ាង​ពេញបន្ទុក​ដែរ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ប្រចាំ​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​។

ដូច្នេះហើយ​ទើប ​មានការ​អំពាវនាវ ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​កន្ទុយ​នាគ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ប្រកបដោយ​ប្រសិទ្ធភាព​។

 

Leave a Reply

(*) Required, Your email will not be published