ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៦យប់ថ្ងៃទី៥ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ ត្រង់ចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។យុវជន២នាក់ត្រូវបានរថយន្តកិនស្លាប់មួយរំពេច បន្ទាប់ពីអ្នកទាំង២បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនហើយរអិលដួលចូលក្រោមរថយន្ត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេឃើញ ជនរងគ្រោះឈ្មោះន សុខុម ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបរ និងឈ្មោះ អ៊ុន សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នករួមដំណើរ ជិះម៉ូតូមួយគ្រឿង ម៉ាកEXCITER ពណ៍ខ្មៅ គ្មានស្លកលេខ បើកចេញពីរោងចក្រមួយកន្លែងដែលនៅខាងត្បូងផ្លូវសំដៅឡើង ទៅផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងទៅជើងពេលនោះមានរថយន្តមួយគ្រឿងម៉ាកFUSO មានសណ្តោងរ៉ឺម៉ក បើកបរ មកពីទិសខាងលិច (អែបស្តាំដៃ) ហើយអ្នកបើកម៉ូតូនោះក៏បានជាន់ហ្វ្រាំងរួចហើយក៏រអិលដួលចូលក្រោមរថយន្ដ ត្រូវរថយន្តកិនស្លាប់ទាំង២នាក់ តែម្តង ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចដើម្បីចុះទៅធ្វើកំណត់ហេតុវាស់វែង និងបាននាំយករថយន្ត និងម៉ូតូមករក្សានៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីចាត់ការតាមនីតិវិធី ។

