ខេត្តមណ្ឌលគិរី ៖ មានសេចក្តីរាយការណ៍មកថា ដីចម្ការស្រល់របស់រដ្ឋរាប់សិបហិចតា នៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវអ្នកមានលុយឃុបឃិតជាមួយអាជ្ញាធរ ធ្វើរបងព័ទ្ធយកជាកម្មសិទ្ធិផ្ទាល់ខ្លួនខណៈប្រជាសហគមន៍រស់នៅក្នុងឃុំសែនមនោរម្យ បានដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីលក់ដីនោះទៅកសិដ្ឋានចិញ្ចឹមគោ។

ក្នុងករណីខាងលើលោក នង ទុណ្ណារី អភិបាលស្រុកអូររាំង និងមន្ត្រីនគរបាលម្នាក់ឈ្មោះ តេង ត្រូវបានមហាជនចោទប្រកាន់ថា ជាអ្នកឃុបឃិតគ្នាជាមួយឧកញ៉ាចិត្តធម៌ម្នាក់ នៅរាជធានីភ្នំពេញ ដែលល្បីខាងជំនួញទិញមាសបានផ្ទះ ទិញផ្ទះបានមាស ដើម្បីយកដីចម្ការស្រល់ប្រមាណជិត១០០ហិចតា ធ្វើជាកម្មសិទ្ធិតាមរូបភាពញុះញង់ប្រជាពលរដ្ឋជាអ្នកចេញមុខផ្តិតមេដៃលក់ដីនេះឲ្យខ្លួន។
ប្រភពច្បាស់ការណ៍នៅក្នុងខេត្តមណ្ឌលគិរីបានបង្ហើបថា សកម្មភាពធ្វើរបងព័ទ្ធយកដីចម្ការស្រល់នេះ លោកអភិបាលស្រុកអូររាំង ទទួលបានថវិកាចូលហោប៉ៅមិនក្រោម១សែនដុល្លាឡើយ ខណៈមន្ត្រីរាជការជាច្រើននាក់ នៅស្រុកអូររាំង បានកើតទុក្ខមិនសុខចិត្តចំពោះសកម្មភាពលោកអភិបាលស្រុក ដែលបានលួចកាត់ដីចម្ការស្រល់លក់ជារឿយៗ។
លោកស្រី ខ្វាន់ ត្រែល មេឃុំសែនមនោរម្យ ស្រុកអូររាំង បានឲ្យដឹងថា ចំពោះដីចម្ការស្រល់នៅច្រកចូលទៅទឹកជ្រោះរម្យនា១ ដែលគេកំពុងធ្វើរបងព័ទ្ឋជុំវិញនេះ គឺជាដីរបស់ឯកជន មិនមែនជាដីរបស់ក្រុមហ៊ុន ឬដីរបស់រដ្ឋទេ។ ចំពោះដើមស្រល់ដាំនៅលើដីនេះ គឺភាគីម្ចាស់ដីធ្លាប់បានប្រាប់ទៅភាគីក្រុមហ៊ុនដាំដើមស្រល់ ប៉ុន្តែក្រុមហ៊ុននៅតែដាំលើដីប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋមានលិខិតកាន់កាប់តាំងពីឆ្នាំ២០០០មកម្ល៉េះ។

លោកស្រីមេឃុំសែនមនោរម្យបានបន្តទៀតថា ដីខាងលើនោះមានម្ចាស់ចំនួន៤គ្រួសារ គ្រប់គ្រងលើផ្ទៃដីសរុបប្រមាណ៥០ហិកតា។
លោក នង ទុណ្ណារី អភិបាលស្រុកអូររាំងបានឲ្យដឹងយ៉ាងខ្លីថា កសិដ្ឋានចិញ្ចឹមគោ គឺបានទិញដីពីប្រជាពលរដ្ឋប្រមាណ១០ ទៅ២០ហិកតា ហើយជាដីដែលក្រុមហ៊ុនចិន ហ្វូស៊ីឆាង បានដាំដើមស្រល់នាពេលកន្លងមក។
ជុំវិញករណីខាងលើនេះរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឲ្យអ្នកយកព័ត៌មានដឹងថា នៅមិនទាន់អាចឆ្លើយតបបានទេ រង់ចាំពិនិត្យជាក់ស្តែងសិន។
ប្រភពដោយឡែកមួយទៀត បាននិចោទប្រកាន់ថា តាំងពីលោក នង ទុណ្ណារី ចូលកាន់តំណែងជាអភិបាលស្រុកអូររាំងជាង៣ឆ្នាំមកនេះ លោកបានកាត់ដីចម្ការស្រល់អស់ជាច្រើនកន្លែង រួចលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន ដោយគ្មានខ្លាចរអានឹងច្បាប់ឡើយ។

ប្រជាពលរដ្ឋរស់នៅស្រុកអូររាំងបានស្នើដល់អាជ្ញាធរខេត្ត ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយជួយចុះពិនិត្យមើលភាពមិនប្រក្រតីរបស់លោកអភិបាលស្រុក ដែលកំពុងប្រើរូបភាពយកលេសប្រជាពលរដ្ឋឈរឈ្មោះជំនួសខ្លួន ដើម្បីផ្តិតមេដៃលក់យកលុយសម្រាប់ខ្លួនឯង៕