លោកចៅក្រម សាន ប៊ុនធឿន ដោះលែងថៅកែឈើជនជាតិវៀតណាម ព្រះរាជអាជ្ញាខេត្តរតនគិរី គ្រោងប្តឹងឧទ្ធរណ៍

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការប្រាប់ថា ​​​​​​​​​​​​​​​​​ជនជាតិវៀតណាមឈ្មោះ​​​​​​​​​​​​​​​​​​​​​​​​​​ ផាមថេគឿង ដែលសមត្ថកិច្ច អន្តោប្រវេសន៍ខេត្តរតនគិរី ឃាត់ខ្លួននឹងបញ្ជូនមកតុលាការ ត្រូវបាន លោក សាន ប៊ុនធឿន ជាចៅក្រមស៊ើបសួរ បានសម្រេចដោះលែង ព្រះរាជអាជ្ញាខេត្តរតនគិរី គ្រោងប្តឹងឧទ្ធរណ៍។

សេចក្តីរាយការណ៍ប្រាប់ថា ជនត្រូវចោទ ឈ្មោះ ផាម ថេគឿង ភេទប្រុស អាយុ ៤១ឆ្នាំកាន់លិខិតឆ្លង ដែនលេខ០០៣១១៦២មានស្រុកកំណើត ខេត្តហាយផុង ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច អន្តោប្រវេសន៍ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដោយសង្ស័យថា ជនត្រូវចោទ បានចូលមករស់នៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។មន្ត្រី​នគរបាល​យុត្តិធម៌ បាន​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រតនគិរី អនុវត្ត​ច្បាប់​ភ្ជាប់​ភស្តុតាង​ដាក់​បន្ទុក​ មាន​គំនរ​ឈើ ជាច្រើន​ម៉ែត្រ គូបនិង​រូបភាព​ជនជាតិ​វៀតណាម​រូប​នោះឈរ​លើ​គំនរ​ឈើ ក៏ប៉ុន្តែ​ បែរជាលោក សាន ប៊ុនធឿន ​ចៅក្រម នៃ​សាលាដំបូង​ខេត្ត​នេះ សម្រេច​ដោះលែង​ជន​ជនសង្ស័យ​នោះ​ទៅវិញ។

លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការ អមសាលា ដំបូងខេត្តរតនគិរី បានថ្លែងបញ្ជាក់តាមទូរស័ព្ទថា ចំពោះសេចក្តីសម្រេច របស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបនៃសាលាដំបូងខេត្តរតនគិរី ដែលបានសម្រេចដោះលែង ថៅកែ ជនជាតិវៀតណាមម្នាក់ ដែលចូលមករកស៊ី ដោយខុសច្បាប់ និងបានបំផ្លាញធនធានធម្មជាតិខ្មែរ លោកកំពុងរៀបចំ ឯកសារប្តឹងឧទ្ធរណ៍ ។

លោកព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ ជាតំណាងអយ្យការកាន់សំណុំរឿង ថៅកែ វៀតណាមឈ្មោះ ផាម ថេគឿង នេះបានប្រាប់តាមទូរស័ព្ទផងដែរថា ក្រោយទទួលបានសំណុំរឿងនេះលោកបានបើកការស៊ើបសួរនិងសម្រេចចោទប្រកាន់ លើឈ្មោះ ផាម ថេគឿង ពីបទប្រមូលនិងធ្វើសន្និធិផល អនុផលព្រៃឈើដោយ គ្មានលិខិតអនុញ្ញាត យោងតាមមាត្រា ៩៦ និងមាត្រា ៩៨ ចំណុច ទី២ និងចំណុច ៥ នៃច្បាប់ស្តីពី ព្រៃឈើ។

លោក ហាក់ ហ៊ាន់ ថ្លែងថា លោកបានបញ្ជូន សំណុំរឿងនេះទៅចៅក្រមស៊ើបសួរដោយបានស្នើសុំឲ្យចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ផាមថេគឿង ជាបណ្តោះអាសន្ន ប្រយោជន៍ដើម្បី ស្រាវជ្រាវ លើករណីនេះបន្ថែមទៀត ប៉ុន្តែបែរជាលោក សាន ប៊ុនធឿន ជាចៅក្រមស៊ើបសួរ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៨នេះ បានសម្រេចដោះលែង ជនត្រូវចោទឲ្យត្រលប់ទៅវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាប់លាស់ នៅក្នុងសេចក្តីសម្រេចមិនឃុំខ្លួន ជនត្រូវចោទនោះឡើយ។

ទាំងលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី និងលោក ហាក់ ហ៊ាន់ ជាតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី សុទ្ធតែបានអះអាងដូចគ្នាថា ពួកលោកមិនសុខចិត្ត ចំពោះសេចក្តីសម្រេច របស់លោកចៅក្រម សាន ប៊ុន ធឿន នោះទេ។ចៅក្រមស៊ើបសួរ មានឆន្ទានុសិទ្ធិ សម្រេចឃុំ ឬមិនឃុំខ្លួនជន ត្រូវចោទពិតមែនក៏ប៉ុន្តែច្បាប់ក៏បានបើកផ្លូវឲ្យពួកលោកប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសេចក្តីសម្រេចនោះផងដែរដូច្នេះពួកលោកត្រូវតែប្តឹង និងរៀបចំឯកសារ ភស្តុតាង បញ្ជូនទៅថ្នាក់លើ ឲ្យថ្នាក់លើ បានជ្រាប អំពីរឿងនេះ។

ករណីខាងលើមិនអាចសុំការបញ្ជាក់ ពីសំណាក់លោកចៅក្រម សាន ប៊ុនធឿន បាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published