រាជធានីភ្នំពេញ ៖ ប្រភពប្រាប់ថា ចាប់តាំងពី លោក ភេ សុមុនី ចូលកាន់តំណែងជា ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ ជំនួសលោក អ៊ុយ កុសល (ចូលនិវត្តន៍)ឈ្មួញអ្នករកស៊ីនាំទំនិញ ពីប្រទេសជិតខាងដែលមានឃ្លាំងស្តុកនៅ ក្នុងរាជធានីភ្នំពេញ បាននិយាយពីមាត់មួយទៅមាត់មួយថា លោកមេគយ ភេ សុមុនី បានចាត់តាំងមន្ត្រីការិយាល័យគយ ខណ្ឌទាំង១២នៅក្នុងរាជធានីភ្នំពេញឲ្យចុះការកោសរូស ប្រមូលលុយជាប្រចាំពីឃ្លាំងស្តុកទំនិញរាប់រយកន្លែង ទោះជាស្របច្បាប់ ឬមិនស្របច្បាប់សុទ្ធតែជាប្រភពប្រមូលលុយទាំងអស់។ បើមិនដូច្នោះទេ នឹងត្រូវត្រួតពិនិត្យឯកសារឆែកឆេរឃ្លាំងទំនិញ ដែលនាំឲ្យម្ចាស់ឃ្លាំងឈឺក្បាល ខាតបង់ពេលវេលា និងជួបផលលំបាកជាក់ជាមិនខាន។ លោក ភេ សុមុនី ត្រូវបានមន្ត្រីតូចតាចលាន់មាត់ថាមានក្បាច់ប្រព្រឹតពុករលួយខ្លាំងជាងលោកអ៊ុយកុសលមេចាស់រាប់រយដង។
ឈ្មួញ និងអាជីវករមួយចំនួ បានលើកឡើងនូវរឿងអាស្រូវ ពុករលួយ របស់លោកភេ សុមុនី ប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញក្រៅតែពីប្រមូល លុយតាមឃ្លាំងទំនិញ នៅមានការឃុបឃិតជាមួយឈ្មួញធំៗជាច្រើនទៀតដែលនាំចូលទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ដឹកតាមរថយន្តធំៗចូលរាជធានីភ្នំពេញ ពេលយប់ៗ មកពីផ្លូវជាតិលេខ១,ផ្លូវជាតិលេខ២,ផ្លូវជាតិលេខ៣,ផ្លូវជាតិលេខ៤,ផ្លូវជាតិលេខ៥,ផ្លូវជាតិលេខ៦ សុទ្ធតែសុំភ្លើងខៀវពីលោក ភេ សុមុនី ជាមុន បើមិនដូច្នេះទេនឹងរងការចាប់យមមកពិន័យគ្មានការយោគយល់ និងលើកលែងឡើយបច្ចុប្បន្ននេះលោក ភេ សុមុនី ព្យាយាមរកលុយ ច្រកហោប៉ៅ ច្រើនជាងបង់ចូលរដ្ឋ។ ករណីនេះគួរតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យមើលបញ្ហានេះផង។
អំពើពុករលួយរបស់លោក ភេ សុមុនី និងបក្ខពួក កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ឈ្មួញ និងអាជីករ ដែលរកស៊ី នាំចូលទំនិញ ពីប្រទេសជិតខាង មកលក់ចែកចាយ ក្នុងរាជធានីភ្នំពេញ។មានការត្អូញត្អែថា លោក ភេ សុមុនី មិន បង្ក្រាបឈ្មួញ ដែលនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់នោះទេ បែរជាគាបសង្កត់ ឈ្មួញ និងអាជីវករ ដែលរកស៊ីគោរពច្បាប់ ត្រឹមត្រូវទៅវិញ។ ឈ្មួញ និងក្រុមអាជីវ ករមួយចំនួនបានឲ្យដឹងថា សព្វថ្ងៃនេះពួកគេ ត្រូវបង់លុយឲ្យ កូនចៅ លោក ភេ សុមុនី ផង និងសម្រាប់ មន្ត្រីគយដែលមានភារកិច្ចមកប្រមូលលុយផង ដែលជាហេតុ ធ្វើឲ្យពួកគេ ត្រូវប្រឈមនឹង ការលំបាកយ៉ាងខ្លាំង ក្នុងរបររកស៊ីសព្វថ្ងៃ។
មានការលើកឡើងថា កាលដែលលោក ភេ សុមុនី មានអំណាចពេញដៃ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីលោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាកដ្ឋាន គយនិងរដ្ឋាករ ផងដែរ ហើយទំនងជាមានការបែងចែកផលប្រយោជន៍គ្នាទៀតផង។ ប្រការនេះហើយ ទើបលោក ភេ សុមុនី មានអំណាចបើកភ្លើងខៀវស្វាគមន៍ឈ្មួញត្រូវការខ្នងបង្អែកហើយអាចបង្កើតបក្ខ ពួករបស់ខ្លួនជាច្រើនក្រុមឲ្យដើប្រមូលលុយ តាមឃ្លាំងស្តុកទំនិញ ទោះបីទំនិញទាំងនោះ នាំចូលបង់ពន្ធស្របច្បាប់ ក៏ចៀសមិនផុត ពីការបង់លុយដែរ។ ឈ្មួញនិងក្រុមអាជីករ ដែលមិនចង់ ខាតពេលវេលារកស៊ី ក៏បង្ខំចិត្តបង់លុយ ឲ្យលោក ភេ សុមុនី និងបក្ខពួកទាំងក្តៅក្រហាយ ហើយក៏បាន ទម្លាយរឿងអាស្រូវ ជាបន្តបន្ទាប់ ដើម្បីឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុបានដឹងឮរឿងអាស្រូវពុករលួយ របស់ប្រធាន សាខាគយរាជធានីភ្នំពេញ៕


