ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ព្រំប្រទល់ខណ្ឌដង្កោ រាជធានីភ្នំពេញ និងភូមិដំណាក់សង្កែ សង្កាត់ព្រែកហូលរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបង្ក ដោយរថយន្តហ៊ីយ៉ាន់ដាយ បើកលឿនដូចហោះបានបើកបុករថយន្ត Vigo យ៉ាងពេញទំហឹង ឲ្យអូសជាង៥ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះប្រុសស្រីក្មេងចាស់៣នាក់រងរបួស និង៣នាក់ទៀតស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ ថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-0830 ជាប្រភេទរថយន្តដឹកទំនិញ បានបើកបរ ក្នុងទិសដៅពីលិចមកកើត ខណៈពេលជិះមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្ក បានបើក បុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Vigo ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2N-4733 យ៉ាងពេញទំហឹងបណ្តាលឲ្យអូសជាង៥ម៉ែត្រ ហើយគៀបជាប់មនុស្សក្នុងរថយន្តជនរងគ្រោះប្រុសស្រីក្មេងចាស់៣នាក់ស្លាប់និងជនរងគ្រោះ ៣នាក់ទៀតរងរបួសធ្ងន់ ។ ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ ដោយបន្សល់តែរថយន្តនៅនឹងកន្លែងងកើតហេតុ។
ក្រោយកើតហេតុប្រជាពលរដ្ឋដែលនៅជិតនោះ បាននាំគ្នាជួយសង្គ្រោះ រួចបានហៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ខណៈ ពេលដែលដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យនោះ ជាអកុសល បានស្លាប់ចំនួន៣នាក់ និង៣នាក់ទៀត កំពុងស្ថិតនៅក្នុងការជួយសង្គ្រោះ៕

