កក្រើកទៀតហើយ! សមត្ថកិច្ចមួយក្រុម ធ្វើសកម្មភាពចាប់និងវាយយុវជនម្នាក់ រួចដឹកទៅទម្លាក់ចោលនៅក្រសួងមហាផ្ទៃ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ សាច់ញាតិអំពាវនាវស្វែងរកយុវត្តិធម៌

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង៧ និង៣០នាទី យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ហេតុការណ៍​សមត្ថកិច្ច​មួយក្រុម​ធ្វើ​សកម្មភាព​ចាប់ និង​វាយ​យុវជន​ម្នាក់ ដោយ​មិនដឹង​មូល​ហេតុអ្វី​ច្បាស់លាស់  រួច​ចាប់​អូស​ឡើងលើ​ ម៉ូតូ​កង់​បី​ឥណ្ឌា ដឹក​យកទៅ​ទម្លាក់ចោល នៅក្នុង​ក្រសួងមហាផ្ទៃ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៣៦០កែង​ផ្លូវ១០៥ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី៣ ខណ្ឌចំការមន។

មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ​មា​ន​គ្នា​ប្រមាណ ៤ទៅ៥នាក់ ស្លៀកពាក់​ស៊ីវិល និង​មាន​ម្នាក់ ​ពាក់​ឯកសណ្ឋាន​ប៉ូលិស សុទ្ធ​តែមាន​កាន់​វិទ្យុទាក់ទង និង​អាវុធ។ សាក្សី​បន្តថា ពេលនោះ​សមត្ថកិច្ច​ទាំងនោះ​បានធ្វើ​សកម្មភាព​ចាប់ និង​វាយ​យុវជន​រូបនោះ រួចហើយ​ចាប់​អូស​ឡើងលើ​ម៉ូតូ​កង់​បី​ឥណ្ឌា និង​បាន​យកទៅ​ទម្លាក់ចោល នៅក្នុង​ក្រសួងមហាផ្ទៃ។

ស្ត្រី​ឈ្មោះ វ​ត្តី អាយុ២៨ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​យុវជន​រងគ្រោះ​បញ្ជាក់ថា រូបនាង និង​ស្វាមី ​បានទទួល​ទូរស័ព្ទ ​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ប្រាប់ថា ប្អូនប្រុស​របស់​នាង​ត្រូវ បាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ម្នាក់​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ មាន​គ្នា​ប្រមាណ៤ទៅ៥នាក់ វាយរួចហើយ​ប្អូនប្រុស​របស់​នាង​ បាន​រត់​ចូលទៅក្នុង​ហាង​មួយ ដែល​នៅក្បែរ​កន្លែងកើតហេតុ ក៏ត្រូវ​សមត្ថកិច្ច​ទាំងនោះ ចូលទៅ​ចាប់​ដល់​ក្នុង​ហាង​នោះ​ទៀត។

ឮដំណឹង​នេះ​ភ្លាម នាង​និង​ស្វាមី​បាន​ជិះ​ម៉ូតូ​មកដល់​កន្លែងកើតហេតុ ប៉ុន្តែ​មិនឃើញ​ប្អូនប្រុស​នោះទេ ដោយ​គេ​ប្រាប់ថា សមត្ថកិច្ច​ទាំងនោះ​យកទៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​ទី៣ រួចហើយ​នាង និង​ស្វាមី​ក៏បាន​ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​ទី៣  តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ម្នា​ក់នៅ​ទីនោះ និយាយ​ដោយ​ខ្លី​ថា រឿងនេះ​ការងារ​របស់​ខាង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ខាង​ប៉ុស្តិ៍​អត់​ដឹង​ទេ។

ស្ត្រី​ឈ្មោះ វ​ត្តី បានបញ្ជាក់​ទៀតថា នាងនិង​ស្វាមីក៏បាន​ទៅដល់​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ពេលទៅដល់ឃើញតែ​ប្អូនប្រុស​របស់​នាង​ប៉ុណ្ណោះ កំពុង​ដេក​ហូរឈាម​នៅ លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ឯង តែ​មិនឃើញ​សមត្ថកិច្ច​ ដែល​ចាប់ខ្លួន​ប្អូនប្រុស របស់​នោះទេ។ខណៈនោះ​រូបនាង និង​ស្វាមី​បាន​នាំ​ប្អូនប្រុស​មក​សង្គ្រោះបន្ទាន់​ នៅឯ​មន្ទីរ​ព្យាបាល​បាយ័ន ដែល​នៅ​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់។

សាក្សី​នៅ​កន្លែងកើតហេតុ​ បាន​ឲ្យ​ដឹងថា ក្នុងពេល​កើតហេតុ​នោះ បើ​កុំ​តែ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ ជួយ​ឃាត់ កុំ​អី​ប្រហែលជា​សមត្ថកិច្ច​ទាំងនោះ​វាយ​យុវជន​រូបនោះ​ស្លាប់​បាត់ទៅហើយ។

ជនរងគ្រោះ​រងរបួស​ធ្ងន់​ ត្រង់​ចិញ្ចើម​ខាងស្តាំ និង​ដៃ​មាន​ជាប់​ខ្នោះ​ នៅឡើយ​ពេល​នាំ​មកដល់​មន្ទីរពេទ្យ។ បន្ទាប់ពី​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​រួច ក្រុមគ្រួសារ​យុវជន​រងគ្រោះ​ ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង ដែល​នៅក្បែរ​ផ្ទះ ​នៅឯ​ចោមចៅ។

ក្រុមគ្រួសារ​យុវជន​រងគ្រោះ​ បានស្នើ​ដល់​សម្ដេច ឧបនាយករដ្ឋមន្ត្រី ស ខេង  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃសុំ​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ផងព្រោះ​ក្រុម​សមត្ថ កិច្ច​ទាំងនោះ វាយ​ជនរងគ្រោះ​រួច យកទៅដាក់​ក្នុង​ក្រសួងមហាផ្ទៃ​តែម្ដង ។

សូមជួយ​ស្វែង​រកមុខ​សមត្ថកិច្ច​ទាំងនោះ​យកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ផង កុំ​ឲ្យ​អាង​ខ្លួន​មានអំណាច​បុណ្យស័ក្តិ ចង់វាយ​ធ្វើបាប​ប្រជាជន​តូចតាច​ស្រេច​តែ​ក្បាល​ចិត្ត​បែបនេះ​ទៀត៕

ករណីខាងលើ មិនអាចទទួលការបំភ្លឺ ពីសមត្ថកិច្ច ដែលមានអំណាចចាប់វ៉ៃយុវជននោះ នៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published