រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវថភ្លើងស្ថិតក្នុងភូមិដីថ្មីសង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីដ៏រន្ធត់មួយ បានកើតឡើងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសាររថភ្លើងកិន។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហ៊ុយ ដាវី អាយុ៤៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ភូមិប្រប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះខាងលើ កំពុងតែអង្គុយនៅលើផ្លូវរថភ្លើងតែម្នាក់ឯងក្នុងស្ថានភាពស្រវឹងស្រា ខណៈពេលនោះ ស្រាប់តែមាន រថភ្លើងបានបើកមកដល់និងចុចស៊ីផ្លេ។ ភ្លាមៗនោះ កូនស្រីបង្កើតរបស់គាត់ បានស្រែកហៅម្តាយរបស់ខ្លួន ឲ្យក្រោកមកតែដោយសារ តែរថភ្លើងមកជិតដល់និង មិនអាចទាញគាត់មកទាន់ ក៏ត្រូវរថភ្លើងខាងលើ បុកអូសកិន ប្រហែល ជាចំងាយប្រមាណជា ១០០ម៉ែត្រ ពីកន្លែងកើតហេតុ បណ្តាលឲ្យដាច់ក្បាលស្លាប់ភ្លាមៗតែម្តង ៕


